(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទី១ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានប្រកាសជាផ្លូវការថា ធនាគារ អេស៊ីលីដា គាំទ្រសិល្បៈគំនូរខ្មែរ តាមរយៈរូបគំនូរ ដែលមានចំណងជើងថា «និគ្គហិត» គូរដោយវិចិត្រករ កឹម កែវសុជាតិ។ កញ្ញា កែវសុជាតិ មកពីខេត្តកំពត និងបានបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) នៅឆ្នាំ២០១៤ ដល់ ២០១៨ ផ្នែកគំនូរវិចិត្រកម្ម។ ក្រោយពេលបញ្ចប់ការសិក្សា កញ្ញាតែងតែយកពេលវេលាផ្តោតទៅលើការស្រាវជ្រាវ ការអាន ការគិតគូ និងការវិភាគ ដែលឈានទៅដល់ការបង្កើតស្នាដៃសិល្បៈគំនូរ ព្រោះកញ្ញាយល់ថា ការសិក្សារៀនសូត្រគឺអាចធ្វើបាននៅគ្រប់ទីកន្លែង បានន័យថាកន្លែងណាក៏កញ្ញាអាចរៀនសូត្របាន ដោយមិនមែនតែនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ។

កញ្ញាបានបើកពិព័រណ៍ស្នាដៃគំនូរទោលដំបូង នៅក្នុងឆ្នាំ២០១៩ (ភ្នែកនៃក្តីមេត្តា) ស្នាដៃគំនូរទោលទីពីរ ចុងឆ្នាំ២០២០ (ហេតុអ្វីបានខ្ញុំធ្វើ...?) និងស្នាដៃគំនូរទោលទីបី ក្នុងឆ្នាំ២០២២ (ស)។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កញ្ញាបានបើកបង្ហាញស្នាដៃចម្លាក់ (អាចារផាយ) នៅក្នុង private gallery មួយស្ថិតនៅលើផ្លូវ២៤០។ ក្រៅពីនោះកញ្ញាក៏បានចូលរួមបង្ហាញស្នាដៃរបស់កញ្ញា ជាមួយសិល្បករដទៃទៀតដែរ។

ស្នាដៃសិល្បៈ របស់វិចិត្រកររូបនេះភាគច្រើន ផ្តោតទៅលើការស្គាល់អ្វីជាឫសគល់ដើមរបស់ខ្លួន អ្វីជាអត្តសញ្ញាណរបស់ខ្លួន បច្ចុប្បន្នកាល អតីតកាល និងអនាគត ដែលរួមបញ្ចូលការដាស់ស្មារតីយុវជន ឱ្យរៀនចាប់អារម្មណ៍អ្វីដែលដូនតាបន្សល់ទុកមកដល់បច្ចុប្បន្ន ហើយព្យាយាមបង្កើតអ្វីក្នុងខណៈពេលនេះ (អភិរក្ស និងបង្កើតថ្មីស្ថិតក្នុងគុណតម្លៃ) សម្រាប់ជាប្រយោជន៍តទៅអនាគត។ រាល់ថ្ងៃនេះ កញ្ញាកំពុងបន្តស្នាដៃសិល្ប:ថ្មីមួយទៀត ដែលភ្ជាប់ជាមួយចម្លាក់ (អាចារផាយ)។ នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ អេស៊ីលីដា បានចូលរួមចំណែកក្នុងការជំរុញឱ្យមានការបង្កើតថ្មី ការលើកស្ទួយ ការអភិរក្ស និងការអភិវឌ្ឍសិល្បៈ និងវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ។

«និគ្គហិត» ជាឈ្មោះគ្រឿងសម្គាល់មានរូបសណ្ឋានជាសូន្យមួយយ៉ាងនេះ «០» រាប់ចូលជាព្យញ្ជនៈដែរ, មានសំឡេងដូចតួ «ង» ប្រកបក៏មានដូចតួ «ម» ប្រកបក៏មាន ។ ជាពាក្យសំក្រិត្យ និងបាលី។ រាប់និគ្គហិតនេះចូលក្នុងពួកព្យញ្ជនៈសេសវគ្គផងដែរ អានថា «អ័ង ឬអ័ម»។ ឯទម្លាប់នៃជនបរទេសខ្លះ គេអានថា «អ៉្ហិង ឬ អ៉្ហិម» ឲ្យគ្រាន់តែឮសំឡេងដូចគេគ្រហឹមងំក្នុងច្រមុះប៉ុណ្ណោះ ដោយគេយល់ថា អានកុំឲ្យឮច្បាស់ថា អ័ង ឬ អ័ម ដើម្បីឲ្យនិគ្គហិតនេះអាចរលាស់សំឡេងផ្សំនឹងស្រៈ ឥ,ឧ ហើយនិងស្រះឯទៀតខ្លះបានដោយងាយ សម្រាប់ភាសារបស់គេ។

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន៤ គឺសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងមួយនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៥៦លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៥៩លាននាក់៕