(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ៨រូប ត្រូវបានផ្ដល់ឱកាសដណ្ដើមខ្សែក្រវាត់លើកដំបូង ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ IPCC Kun Khmer រដូវកាលទី២ (ទម្ងន់ ៦០គីឡូក្រាម) នៃកម្មវិធី Mas Fight Cambodia នៅសង្វៀនទូរទស្សន៍ថោន ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

បេក្ខភាព ៨រូបខាងលើ ត្រូវបានចែកចែកជា ២ពូល ក្នុងនោះពូល A មានកីឡាករ មាស ណាឃីម (ក្លិបមហិរិទ្ធិល្វាឯមគុនខ្មែរ), កីឡាករ សែន ចាន់រិទ្ធីស័ក្ដ (ក្លិបខ្លារខិនមានរិទ្ធ), កីឡាករ ណង សៅ (ក្លិបនាគនាំសំណាង) និងកីឡាករ សូត្រ សុខឃីម (ក្លិបបក្សីស្លាបដែក)។ រីឯពូលB មានកីឡាករ គង់ ហូវ (ក្លិបមហិរិទ្ធមេសថ្ងកខេត្តស្វាយរៀង), កីឡាករ បញ្ញា ហយហាក់ (ក្លិបអភិរក្សគុនខ្មែររុងរឿង), កីឡាករ ប៉ែន កាក់រាជសីហ៍ (ក្លិបសេនប៊ុនថេនប៉ែនកាក់គុនខ្មែរ) និងកីឡាករ សេក គឹមសាន (ក្លិបអង្គរមានជ័យធោយធភូមិភាគទី៥)។

លោក ថមមី គីម តំណាងស្ថាប័ន IPCC នៅកម្ពុជា និងជាទីប្រឹក្សាទូរទស្សន៍ថោន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១៩ ខែមេសាថា ព្រឹត្តិការណ៍នេះ គឺជាការបើកឱកាសសម្រាប់អ្នកពុំទាន់មានខ្សែក្រវាត់ និងជាកីឡាករថ្មីៗ មកពីក្លិបផ្សេងៗគ្នា ដើម្បីចូលរួមប្រកួតប្រជែង ក៏ដូចជាកសាងសមត្ថភាព និងកេរ្ដិ៍ឈ្មោះ ដើម្បីក្លាយជាកីឡាករល្បីល្បាញ ហើយមានឱកាសចូលរួមការប្រកួតអន្ដរជាតិជាច្រើននាថ្ងៃអនាគត។ ហេតុនេះ លោកបានជំរុញកីឡាករទាំងអស់ ត្រូវខំប្រឹងហ្វឹកហាត់ឲ្យបានខ្លាំងដើម្បីត្រៀមការប្រកួតនេះ។

ទន្ទឹមជាមួយគ្នាលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្ដែងនូវការគាំទ្រ និងថ្លែងអំណរគុណ ចំពោះដៃគូអភិវឌ្ឍនានា ពិសេសទូរទស្សន៍ថោន ដែលតែងរៀបចំនូវកម្មវិធីប្រដាល់ជាច្រើន ជាក់ស្ដែងការប្រកួតដណ្ដើមខ្សែក្រវាត់ IPCC គុនខ្មែរ នៃកម្មវិធី Mas Fight Cambodia ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្ដល់ឱកាស និងអភិវឌ្ឍន៍សមត្ថភាពធនធានកីឡាករគុនខ្មែរ ឲ្យឈានទៅរកកម្រិតអន្ដរជាតិនាពេលដ៏ខ្លីខាងមុខ។

លោកបន្ដថា «កម្មវិធីប្រកួតគុនខ្មែរដណ្ដើមខ្សែក្រវាត់ IPCC Mas Fight Cambodia គឺជាព្រឹត្តិការណ៍មួយទៀត ដែលបានផ្ដល់ឱកាសដល់កីឡាករគុនខ្មែរទាំង ៨រូប មានឱកាសបង្កើនសមត្ថភាព បង្កើនបទពិសោធន៍ និងបច្ចេកទេស ក៏ដូចជាអភិវឌ្ឍន៍ខ្លួនទៅរកកម្រិតខ្ពស់ថែមទៀត នៅក្នុងការប្រកួតគុនខ្មែរ ទាំងលក្ខណៈជាតិ និងអន្ដរជាតិ នាពេលខាងមុខ»។

លោកសង្ឃឹមយ៉ាងមុតមាំថា ក្រោយការប្រកួតជម្រុះ ក៏ដូចជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ កម្មវិធីនេះ នឹងចម្រាញ់បាននូវកីឡាករមានសមត្ថភាពខ្ពស់ពិតប្រាកដ ដើម្បីគ្រងខ្សែក្រវាត់ និងជំរុញឲ្យពួកគេកាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការដុសខាតសមត្ថភាពក្លាយជាកីឡាករមានគុណផលខ្ពស់ និងក្លាយជាកីឡាករតំណាងកម្ពុជា ត្រៀមចូលរួមការប្រកួតលើឆាកអន្ដរជាតិផងដែរ។

គួរដឹងថា ការប្រកួតដណ្ដើមខ្សែក្រវាត់ IPCC Kun Khmer រដូវកាលទី២ នេះ ក្រោយបញ្ចប់វគ្គជម្រុះតាមពូល កីឡាករលេខ១ និងលេខ២ ប្រចាំពូលនីមួយៗ នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ និងស្វែងរកម្ចាស់ខ្សែក្រវាត់តែម្ដង។ មិនតែប៉ុណ្ណោះ រៀងរាល់សប្ដាហ៍ ក៏នឹងមានគូប្រកួតមិត្តភាពអន្ដរជាតិម៉ាស់ហ្វៃផងដែរ ជាក់ស្ដែងនៅល្ងាចថ្ងៃទី២០ ខែមេសានេះ គឺកីឡាករ ប្រាក់ ចិត្រា ត្រូវជួបកីឡាករចិន លុយ យ៉ានស៊ុង, ឡុង ពិសិដ្ឋ ជួបកីឡាករអ៊ីរ៉ង់ អាមើរ, វ៉េង សុភ័ក្រ ជួបកីឡាករអ៊ីរ៉ង់ មហាម៉ាត់ ឃីរី និងកីឡាករ វង្ស វិច្ឆ័យ ជួបកីឡាករបារាំង ចយ ធីអូ ជាដើម៕