(ភ្នំពេញ)៖ គ្រឿងញៀន បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់ ធ្វើឱ្យបែកបាក់គ្រួសារ និងប៉ះពាល់ដល់សង្គមជាតិ ហេតុនេះទើបបណ្តាប្រទេសមួយចំនួនធំ បានរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ។ កម្ពុជា ក៏បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងជាភាគីនៃអនុសញ្ញា ក៏ដូចជាពិធីសាររបស់អង្គការសហប្រជាជាតិដែលទាក់ទងនឹងគ្រឿងញៀន ហើយកម្ពុជាក៏បានបង្កើតច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងគោលបំណងបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ។
ទោះបីជាមានការយកចិត្តទុកពីរាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងមានច្បាប់ដើម្បីផ្តន្ទាទោសធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏នៅមានការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយចំនួន និងមានការចាត់ចែងសារធាតុញៀនដោយខុសច្បាប់ ។
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ ក្នុងសប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី បទចាត់ចែងអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិត ថាតើសកម្មភាពណាខ្លះដែលចាត់ទុកថាជាការចាត់ចែងអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ? ហើយបទល្មើសនេះត្រូវបានច្បាប់ផ្តន្ទាទោសកម្រិតណា ?
ជាការពិតរាល់អំពើជួយដល់អ្នកដទៃឱ្យប្រើប្រាស់គ្រឿងញៀនតាមគ្រប់រូបភាព អំពើដឹកនាំ បែងចែក បញ្ជា ឬ ចែកចាយ ដើម្បីបញ្ចូលសារធាតុញៀនទៅក្នុងរាងកាយអ្នកដទៃ គឺជាអំពើចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដូចមានបញ្ញត្តិក្នុងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ នៅក្នុងមាត្រា ៤២ និងមាត្រា ៥០ ដែលស្ថិតនៅក្នុងតារាងទី១ តារាងទី២ និងតារាងទី៣ នៃតារាងឧបសម្ព័ន្ធថ្នាំញៀន តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារជនល្មើស អាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជា ប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុងករណីដែល
ការប្រព្រឹត្តបទល្មើសស្ថិតនៅក្នុងស្ថានភាពណាមួយដូចខាងក្រោមនេះ៖
១- បទល្មើសត្រូវបានប្រព្រឹត្តច្រើនដង ។
២- ចំពោះមនុស្សច្រើននាក់ ។
៣- ចំពោះអនីតិជនដែលមានអាយុចាប់ពី ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ ។
៤- ចំពោះស្ត្រីដែលជនល្មើសដឹងថាមានគភ៌ ។
៥- បង្កឱ្យមានជំងឺប្រកបដោយគ្រោះថ្នាក់ដល់អ្នកដទៃ ។
៦- បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកដទៃ ។
៧- ចំពោះបុគ្គលដែលកំពុងទទួលវិធានការព្យាបាល ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជា ប្រាក់ពី ២០.០០០.០០០ (ម្ភៃលាន) រៀលទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតនៅក្នុងស្ថានភាពណាមួយដូចខាងក្រោមនេះ៖
១- បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកដទៃច្រើននាក់ ។
២- បង្កឱ្យមានជំងឺប្រកបដោយគ្រោះថ្នាក់ដល់អ្នកដទៃច្រើននាក់ ។
៣- ចំពោះអនីតិជនដែលមានអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំ ។
៤- បង្កឱ្យស្លាប់មនុស្ស ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ឬអស់មួយជីវិត និង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៤០.០០០.០០០ (សែសិបលាន) រៀល ទៅ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងករណីដែលការប្រព្រឹត្តបទល្មើសបណ្តាលឱ្យស្លាប់មនុស្សច្រើននាក់ ។
សរុបមក បទចាត់ចែងអ្នកដទៃឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទល្មើសធ្ងន់ធ្ងរមួយដែលធ្វើឱ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង ហើយមិនត្រឹមតែបង្កការប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់មនុស្សទេ ប៉ុន្តែក៏អាចបង្កឱ្យមានការបែកបាក់ក្នុងសហគមន៍ផងដែរ ហេតុនេះច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១២ បានកំណត់ការផ្តន្ទាទោសយ៉ាងតឹងរឹងចំពោះបទល្មើសនេះ ។
រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក ឡាន ស៊ីនុត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយ
អត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ទំព័រហ្វេសប៊ុក៖ Cambodia International Cooperation Law Firm ៕