(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Fudan របស់ប្រទេសចិន សម្រេចបាននូវរបកគំហើញដ៏សំខាន់មួយនៅក្នុងបច្ចេកវិទ្យាអង្គចងចាំ (Memory) ដោយបានបង្ហាញ "PoX" ជាអង្គចងចាំដែលមានដំណើរការលឿនបំផុតនៅលើពិភពលោក។ របបគំហើយថ្មីនេះ បានបង្កើតកំណត់ត្រាល្បឿនថ្មី ដោយវាមានសមត្ថភាពក្នុងការកត់ត្រាទិន្នន័យក្នុងល្បឿន ២៥ពាន់លានប្រតិបត្តិការក្នុងមួយវិនាទី ពោលគឺលឿនជាង​បច្ចេកវិទ្យាបច្ចុប្បន្នរហូតដល់ ១០,០០០ដង។

បច្ចេកវិទ្យាមួយនេះ បានក្លាយជាឧបករណ៍ពាក់កណ្ដាលសម្រេច (semiconductor) លឿនបំផុតដែលមនុស្សជាតិស្គាល់នាពេលបច្ចុប្បន្ន ហើយអ្នកវិទ្យាសាស្ត្របាននិយាយថា របកគំហើញបែបនេះនឹងមានតម្លៃដ៏សំខាន់ដើម្បីជួយដល់ប្រតិបត្តិការលឿនបំផុតនៃគំរូបញ្ញាសិប្បនិម្មិត (AI)។

ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា របកគំហើញថ្មីមួយនេះវាត្រូវបានរកឃើញ និងបង្កើតឡើងដោយមនុស្សជាតិក៏ពិតមែន ប៉ុន្តែវាត្រូវត្រូវបានបង្កើតឡើងដោយមានធាតុផ្សំ និងចូលរួម​ពីសំណាក់ AI ដើម្បីធ្វើការរៀបចំឱ្យវាមានដំណើរការរលូន ព្រោះគោលបំណងនៃការបង្កើតវាឡើងគឺដើម្បីយកវាទៅប្រើប្រាស់ជាមួយនឹង​ម៉ាស៊ីនកុំព្យូទ័រធំៗ ឬម៉ាស៊ីន AI ដែលទាមទារអង្គចងចាំកម្រិតខ្ពស់ និងល្បឿនលឿន។

សរុបជារួមមក "PoX" គឺជាសមិទ្ធផលបច្ចេកវិទ្យាថ្មីមួយដ៏អស្ចារ្យដែលរកឃើញដោយអ្នកស្រាវជ្រាវរបស់ចិន ហើយវានឹងក្លាយជាតួអង្គដ៏សំខាន់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ជាពិសេសគឺតម្រូវការបច្ចេកវិទ្យា AI កម្រិតខ្ពស់៕