(ឡុងដ៏)៖ ក្រុមហង្សក្រហម Liverpool នឹងត្រូវរង់ចាំ ២ទៅ ៣ថ្ងៃទៀត ដើម្បីក្លាយជាម្ចាស់ជើងឯក Premier League រដូវកាលនេះជាផ្លូវការ បន្ទាប់ពីបន្តលេងឈ្នះក្រុម Leicester City ១-០ ខណៈក្រុមគូប្រជែង Arsenal ក៏យកឈ្នះ Ipswich Town ៤-០ គិតត្រឹមសប្តាហ៍ទី៣៣ ជើងទី២ ។

ខ្សែការពារស្លាប Trent Alexander-Arnold ជាអ្នកជួយក្រុមបន្តលេងមិនចាញ់ពីការស៊ុតបាននៅនាទី៧៦ ក្នុងកីឡដ្ឋាន King Power ដើម្បីបន្ថែមការនាំមុខ ១៣ពិន្ទុរបស់ពួកគេ ខណៈនៅសល់តែ ៥ប្រកួតទៀតត្រូវបិទបញ្ចប់រដូវកាលនេះ ។

ការលេងបន្តចាញ់របស់ក្រុម Leicester City បានធ្វើឱ្យពួកគេត្រូវកាត់ចេញពីលីគកំពូលរដូវកាលក្រោយ ធ្លាក់ទៅក្របខ័ណ្ឌ Championship ហើយក៏ជាការកាត់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសចំនួន ១៣ដងរបស់ពួកគេ ។

សូមជម្រាបផងថា បច្ចុប្បន្នក្រុម Liverpool កំពុងរកបាន ៧៩ពិន្ទុ និងនាំមុខ ១៣ពិន្ទុលើក្រុម Arsenal ដែលកំពុងរកបាន ៦៦ពិន្ទុ ដែលនៅសល់ ៥ប្រកួតទៀតប៉ុណ្ណោះ ហើយប្រកួតទី៣៤ ក្រុមលោក Arnt Slot ត្រូវជួបក្រុម Tottenham Hotspur ៕