(ភ្នំពេញ)៖ លោក ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមេសានេះ បានបង្ហោះនូវរូបប្លង់គំរូកីឡដ្ឋានខេត្តស្វាយរៀង ដែលត្រៀមនឹងធ្វើការសាងសង់ និងពង្រីកបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ ពិសេសកន្លែងអង្គុយទស្សនាកម្ពស់ ២ជាន់ និងមានដំបូលព័ន្ធជុំវិញទីលាន។
បន្ទាប់ពីការចែករំលែកគំរូកីឡដ្ឋានខាងលើ បានធ្វើឲ្យមហាជន ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទាត់ សម្ដែងនូវការសាទរជាខ្លាំង ដ្បិតពួកគេចាត់ទុកនេះ គឺជាសមិទ្ធផល និងជាមុខមាត់ថ្មីមួយទៀត សម្រាប់វិស័យបាល់ទាត់ជាតិ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងផ្ទាល់ ដែលនឹងមានកីឡដ្ឋានដ៏ធំទំនើបអស្ចារ្យលើទឹកដីរបស់ខ្លួន។
គួរដឹងថា បច្ចុប្បន្នកីឡដ្ឋានខេត្តស្វាយរៀង ដែលជាមូលដ្ឋានរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មានកៅអីអង្គុយទស្សនាប្រមាណជាង ៤,០០០នាក់ ហើយក៏ជាកីឡដ្ឋានខេត្តមានអ្នកគាំទ្រច្រើនជាងគេផងដែរ។ ប៉ុន្ដែយោងតាមរូបភាពប្លង់គំរូ ដែលប្រធានក្លិបបានបង្ហោះ អនាគតកីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានកាន់តែច្រើន បន្ទាប់ពីធ្វើការអភិវឌ្ឍបន្ថែមរួចរាល់។
យ៉ាងណាថ្នាក់ដឹកនាំក្លិប នៅមិនទាន់បញ្ជាក់ពីពេលវេលា ដែលត្រូវធ្វើការកែលម្អកីឡដ្ឋាន ក៏ដូចជាចំនួនកៅអីអង្គុយទស្សនាឡើយ។ តែបើយោងតាមប្លង់គំរូ គេជឿថា នឹងអាចផ្ទុកអ្នកទស្សនាបានខ្ទង់ម៉ឺននាក់ ជាមួយនឹងកន្លែងចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយទៀតផង៕