(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទះ ៤ទល់៤ ទូទាំងប្រទេស Wurkz Special Volleyball Challenge 4x4 រដូវកាលទី២ ឆ្នាំ២០២៥ បានឈានដល់ជុំផ្ដាច់ព្រ័ត្រ នៅមណ្ឌលរាជធានីភ្នំពេញហើយ ក្រោយចម្រាញ់បានក្រុមខ្លាំងៗ ១០ក្រុមមកពីតាមភូមិភាគទាំង ៥ ឡើងមកតតាំងជាមួយក្រុមសមាជិកពានតេជោលីគ ដែលឈរចាំចំនួន ៤ក្រុម ចាប់ពីថ្ងៃទី២១-២៧ ខែមេសា ឆ្នាំ២០២៧ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ខណៈប្រាក់រង្វាន់ចំនួន ៧០លានរៀល កំពុងរង់ចាំក្រុមជើងឯក។

យោងតាមលទ្ធផលនៃការចាប់ឆ្នោតចែកពូលពូល កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងចំណោមបេក្ខភាពជុំផ្ដាច់ព្រ័ត្រទាំង ១៤ក្រុម ត្រូវបែងចែកជា ៤ពូល រួមមានពូល A៖ ក្លិបស្នងការនគរបាលខេត្តកោះកុង, ស្នងការនគរបាលខេត្តស្វាយរៀង, ស្នងការរាជធានីភ្នំពេញ(A) និងក្លិបសូត្រនិគម។ ពូល B៖ ក្លិបជីកសិករណាណូ, ក្លិបបាល់ទះខេត្តតាកែវ និងក្លិបស្នងការនគរបាលខេត្តសៀមរាប។ ពូលC៖ ក្លិបស្នងការនគរបាលខេត្តរតនគីរី, ក្រសួងមហាផ្ទៃ(B), ស្នងការនគរបាលខេត្តបាត់ដំបង និងក្លិបបាល់ទះសីហាសាមគ្គី និងពូលD មានសមាគមបាល់ទះក្រសួងមហាផ្ទៃ, វិសាខា និងក្លិបស្នងការរាជធានីភ្នំពេញ(B)។

ថ្លែងក្នុងពិធីចាប់ឆ្នោតការប្រកួតដំណាក់កាលចុងក្រោយខាងលើ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានជំរុញឲ្យក្រុមទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព ព្រោះបេសកកម្មនេះ មិនមែនត្រឹមជាក្រុមតំណាងខេត្តនោះទេ តែជាបេក្ខភាពតំណាងមណ្ឌល ដែលចម្រាញ់ចេញពីតំណាងខេត្តជាច្រើន ។ ម្យ៉ាងដោយសាររង្វាន់លើកទឹកចិត្តឆ្នាំនេះ ពិសេសប្រាក់រង្វាន់ក្រុមជើងឯក ដែលត្រូវបានក្រុមហ៊ុនដៃសម្រេចតម្លើងពី ៥០លានរៀល ទៅ ៧០លានរៀល លោកសង្ឃឹមថា នឹងជាកត្តាជំរុញឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់ផងដែរ។

គួរដឹងថា ព្រឹត្តិការណ៍បាល់ទះ ៤x៤ ដ៏ធំក្របខណ្ឌទូទាំងប្រទេសនេះ បានរៀបចំ ២រដូវកាលមកហើយ ដោយរដូវកាលទី១ កាលពីឆ្នាំ២០២៤ កន្លងទៅ ជើងឯកបានទៅក្រុមបាល់ទះ វិសាខា ក្រោយយកឈ្នះលើសមាគមបាល់ទះក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-១(សិត) ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះចាំមើលតើ វិសាខា អាចការពារតំណែងជើងឯកបានដែរឬទេ? ឬតើក្រុមណា នឹងអាចប្រជែងជើងឯក អមប្រាក់រង្វាន់ជិត ២ម៉ឺនដុល្លារ ក្នុងរដូវកាលឆ្នាំ២០២៥នេះ?