(បរទេស)៖ ក្រុមហ៊ុន Hyundai Motor Group របស់កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនឹងក្រុមហ៊ុន Posco Holdings ជាផ្លូវការសម្រាប់កិច្ចសហប្រតិបត្តិការលើការសាងសង់រោងចក្រដែកថែបថ្មីមួយដ៏ធំនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយបានឱ្យដឹងថា ក្រុមហ៊ុន Posco នឹងធ្វើការវិនិយោគជាភាគហ៊ុននៅក្នុងគម្រោងរោងចក្រដែកថែបរបស់ក្រុមហ៊ុន Hyundai Motor Group ​នៅរដ្ឋ Louisiana សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ Posco ដែលជាក្រុមហ៊ុនផលិតដែកថែបឈានមុខគេរបស់កូរ៉េខាងត្បូងក៏កំពុងពិចារណាមិនត្រឹមតែវិនិយោគលើរោងចក្រផលិតដែកថែបរបស់ Hyundai Steel របស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលក់ដែកថែបមួយចំនួនដែលផលិតនៅរោងចក្រនេះផងដែរ។ របាយការណ៍បានគូសបញ្ជាក់ថា ផលិតកម្មនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៩ ខាងមុខ។

គួរជម្រាបថា កុ្រមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai កាលពីខែមុនបានប្រកាសផែនការវិនិយោគដែលមានតម្លៃប្រមាណ ២១​ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកជាមួយប្រធានាធិបតី Donald Trump នៅសេតវិមាន។ នៅក្នុងឯកសារបទប្បញ្ញត្តិមួយ Hyundai Steel បាននិយាយថា ខ្លួននឹងវិនិយោគ ៥.៨ ពាន់លានដុល្លារ រួមជាមួយក្រុមហ៊ុន Hyundai Motor Group ដើម្បីសាងសង់រោងចក្រដែកនៅរដ្ឋ Louisiana ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំរហូតដល់ ២.៧ លានតោន៕