(បរទេស)៖ តុលាការទីក្រុងមូស្គូបានរកឃើញថា Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet មានពិរុទ្ធពីបទបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់ទាហានរុស្ស៊ីដែលបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីដែលដកស្រង់ឯកសាររបស់តុលាការ និងត្រូវបានចុះផ្សាយបន្តដោយ CNA នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
តុលាការបានសម្រេចថា វីដេអូដែលបានផ្សព្វផ្សាយនៅលើ YouTube មានព័ត៌មានអំពីការស្លាប់ និងរបួសរបស់យោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន រួមទាំងព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពួកគេ គឺបានបំពានបទប្បញ្ញត្តិរបស់រុស្ស៊ី។ ទាក់ទិននឹងបញ្ហានេះ ប្រទេសរុស្ស៊ីបានទាមទារជាយូរមកហើយនូវក្រុមហ៊ុនបច្ចេកវិទ្យាបរទេសដើម្បីដកចេញនូវខ្លឹមសារដែលខ្លួនយល់ថាខុសច្បាប់ រួមទាំងអ្វីដែលហៅថា «ក្លែងក្លាយ» អំពីសង្គ្រាមនៅអ៊ុយក្រែន និងបានចេញការផាកពិន័យជាប្រាក់សម្រាប់ការមិនគោរពតាមផងដែរ។
យ៉ាងណា ជុំវិញរបាយការណ៍នេះ Google នៅមិនទាន់មានការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលម្អិតនោះទេ។
គួរជម្រាបថា កាលពីខែធ្នូប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ក្រុមហ៊ុន Google ថាជាឧបករណ៍ប្រើប្រាស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយអតីតប្រធានាធិបតី Joe Biden ដើម្បីរកពិន្ទុនយោបាយ៕