(បរទេស)៖ ក្រុមហ៊ុន LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទសប្តាហ៍នេះថា បានប្រកាសដកខ្លួនជាផ្លូវការពីគម្រោងដែលមានតម្លៃជាទឹកប្រាក់ ៨.៤៥ ពាន់លានដុល្លារ នៅក្នុងការផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ LGES និងរដ្ឋាភិបាលឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយលើអ្វីដែលគេហៅថាគម្រោង Indonesia Grand Package នៅចុងឆ្នាំ២០២០ ដែលរួមបញ្ចូលការវិនិយោគលើខ្សែសង្វាក់ផ្គត់ផ្គង់ថ្មសម្រាប់រថយន្តអគ្គិសនី។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
LGES បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយគិតពីកត្តាផ្សេងៗ រួមទាំងលក្ខខណ្ឌទីផ្សារ និងបរិយាកាសវិនិយោគ យើងបានព្រមព្រៀងដកខ្លួនជាផ្លូវការពីគម្រោង Indonesia GP (Grand Package)។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងបន្តស្វែងរកមធ្យោបាយផ្សេងៗនៃកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយផ្តោតលើក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ឥណ្ឌូនេស៊ី HLI Green Power»។ HLI Green Power គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលដឹកនាំដោយ LGES និង Hyundai Motor Group។ ក្រុមហ៊ុននេះកាលពីឆ្នាំមុនបានសម្ពោធរោងចក្រផលិតកោសិកាថ្មដំបូងរបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់រថយន្ត EV ដែលមានសមត្ថភាពផលិតកោសិកាថ្ម 10 Gigawatt ប្រចាំឆ្នាំ ជាមួយនឹងផែនការពង្រីកសមត្ថភាពក្នុងដំណាក់កាលទីពីរនៃការវិនិយោគ។
យ៉ាងណាមិញ ជុំវិញព័ត៌មាននេះក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាក្រុមហ៊ុនរដ្ឋ Aneka Tambang និងក្រុមហ៊ុន Indonesia Battery Corporation ដែលធ្វើការលើគម្រោងនេះជាមួយក្រុមហ៊ុន LGES មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕