(ភ្នំពេញ)៖ ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(ជើងទី១) នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ រវាងក្រុមភ្នំពេញក្រោន និងវិសាខា ដែលគ្រោងធ្វើការប្រកួតនាថ្ងៃទី២៣ ខែមេសា ត្រូវបានសម្រេចលើកពេលទៅការប្រកួត នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វិញហើយ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិ សមាជិកក្រុមវិសាខា ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីរាត្រីថ្ងៃទី២០ ខែមេសាកន្លងទៅ។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្លិបទាំងពីរ នៅថ្ងៃទី២២ ខែមេសានេះ ក្រោយក្លិបបាល់ទាត់ វិសាខា បានធ្វើសំណើរសុំលើកកាលបរិច្ឆេទការប្រកួត ទៅកាន់ក្លិបភ្នំពេញក្រោន ហើយមានការឯកភាពពីភាគីពាក់ព័ន្ធ ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតផងដែរ ដើម្បីសម្របសម្រួល និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ក៏ដូចជាក្លិបបាល់ទាត់វិសាខា ដែលត្រូវកាន់ទុក្ខ ចំពោះការបាត់បង់នូវធនធានកីឡាករដ៏ល្អសម្រាប់ក្លិប និងវិស័យកីឡាបាល់ទាត់កម្ពុជា។
គួរដឹងថា កីឡាករ ទេស សម្បត្តិ សមាជិកក្រុមវិសាខា និងក្រុមជម្រើសជាតិកម្ពុជា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាត់បង់ជីវិត កាលពីម៉ោង ២២៖៣០នាទីយប់ថ្ងៃទី២០ ខែមេសា ហើយត្រូវបានប្រទះឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មរណភាពរបស់ខ្សែការពារឆ្នើម ដែលមហាជនដាក់រហស្សនាមថា ជាកីឡាករ Ramos កម្ពុជារូបនេះ បានធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ដែលស្គាល់ ពិសេសអ្នកនិយមគាំទ្រវិស័យកីឡាបាល់ទាត់ មានការសោកស្ដាយជាខ្លាំង រួមទាំងអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ផងដែរ ដែលស្ទើរមិនគួរជឿ ចំពោះដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ ដែលមានវ័យទើប ២៥ឆ្នាំប៉ុណ្ណោះ៕