(បរទេស)៖ ក្រុមហ៊ុន Ericsson របស់ប្រទេសស៊ុយអែតកំពុងពង្រីកប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដើម្បីផលិតអង់តែនទូរគមនាគមន៍ទាំងអស់សម្រាប់ផ្គត់ផ្គង់ទីផ្សារឥណ្ឌា ខណៈដំណើការផលិតនឹងចាប់ផ្តើមនៅខែមិថុនាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
តម្រូវការពីក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសឥណ្ឌាបានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២៣ ជាពិសេសក្រុមហ៊ុន Bharti Airtel និង Jio ដែលជាអង្គភាពទូរគមនាគមន៍របស់ Reliance Industries បានចាប់ផ្តើមពង្រីកសេវាកម្ម 5G របស់ពួកគេយ៉ាងឆាប់រហ័ស។ ការកើនឡើងនៃការបញ្ជាទិញក្នុងស្រុកទាំងនេះ បានជួយទូទាត់ការធ្លាក់ចុះនៃតម្រូវការពីទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់ Ericsson។
ក្រុមហ៊ុន Ericsson បានចាប់ផ្តើមផលិតកម្មនៅក្នុងប្រទេសឥណ្ឌាជាលើកដំបូងក្នុងឆ្នាំ១៩៩៤ តាមរយៈរបាយការណ៍ចុះផ្សាយចុះក្រោយនេះបង្ហាញថា គ្រោធ្វើមូលដ្ឋានីយកម្មការផលិតអង់តែនរបស់ខ្លួនសម្រាប់ទីផ្សារឥណ្ឌាត្រឹមខែមិថុនា។ ក្រុមហ៊ុនដ៏ធំនេះក៏មានរោងចក្រផលិតនៅប្រទេសម៉ិកស៊ិក រូម៉ានី និងចិនផងដែរ។
គួរជម្រាបថា លើសពីតម្រូវការក្នុងស្រុក ក្រុមហ៊ុន Ericsson រំពឹងថានឹងនាំចេញផ្នែកសំខាន់នៃអង់តែនដែលផលិតនៅក្នុងប្រទេសឥណ្ឌាទៅកាន់ទីផ្សារខាងក្រៅផងដែរ៕