(ភ្នំពេញ)៖ ដោយសម្របជាមួយក្របខណ្ឌយុទ្ធសាស្រ្ដការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ «ការអប់រំ បរិស្ថាន សង្គម» ប៉េង ហួត គ្រុប បានរៀបចំកម្មវិធីសប្បុរសធម៌ «អាហារខ្ញុំ ការអប់រំខ្ញុំ អនាគតខ្ញុំ I My Food My Education My Future» ដល់សាលាបឋមសិក្សាភូមិកោះ ដែលមានសិស្សសរុបចំនួន ៥២នាក់ រួមទាំងលោគ្រូអ្នកគ្រូ ៣នាក់ ស្ថិតនៅក្នុងភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

កម្មវិធីនេះមានគោលបំណង ដើម្បីលើកកម្ពស់ការអប់រំ តាមរយៈការគាំទ្រជាជំនួយឧបត្ថម្ភនូវសម្ភារសិក្សា និងអាហារ សម្រាប់សិស្សដែលជួបប្រទះការលំបាក ខណៈទាំងនេះគឺជាតម្រូវការចំបងបំផុតទី១សម្រាប់ការរស់រាន។ ជាមួយគ្នានេះសការីក៏បានដឹកនាំនូវសកម្មភាពមួយចំនួន ដើម្បីបំផុសការគិតលើសារៈសំខាន់នៃការអប់រំដល់ពួកគេ ដូចជា ទី១,សារលើកទឹកចិត្តឱ្យពួកគេបន្តការខិតខំប្រឹងប្រែងរៀនសូត្រ, ទី២,ការបំផុសគំនិតឱ្យស្វែងរកនូវទេពកោសល្យដែលពួកគេមាន ព្រោះនឹងជួយពួកគេទៅសម្រេចក្ដីសុបិន្ត និងទី៣,សកម្មភាពរីករាយគូររូប និងផាត់ពណ៌ ដែលជាជំនួយដល់ការលូតលាស់បញ្ញាស្មារតី។

សកម្មភាពទាំងអស់នេះ គឺជាការទំនុកបម្រុងដោះស្រាយការលំបាក និងជាក្ដីសង្ឃឹមផ្ដល់ឱ្យពួកគេបន្តបាននូវការអប់រំដ៏ល្អ ព្រោះមានតែការអប់រំតែប៉ុណ្ណោះ ដែលអាចកែប្រែវាសនាជីវិតរបស់ពួកគេនាពេលបច្ចុប្បន្ន និងអនាគត ហើយពួកគេនឹងក្លាយជាធនធានកសាងប្រទេសជាតិ និងពិភពលោកដ៏អស្ចារ្យ៕