​(ភ្នំពេញ)៖ ​ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុន ថាំ អេចប្រេស ខូអិលធីឌី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវដំណោះស្រាយកម្ចីទិញផ្ទះដ៏ទូលំទូលាយដល់អតិថិជន សម្រាប់គម្រោងដ៏ល្បីល្បាញ រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន។

ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ មានគោលបំណងធ្វើឱ្យអតិថិជនទាំងអស់ដែលកំពុងស្វែងរកការវិនិយោគនៅក្នុងគម្រោងនេះ ក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យកាន់តែងាយស្រួល។

ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព​ លោក ជា ផល្លារិន អគ្គនាយកនៃធនាគារ អេស ប៊ី អាយ លី ហួរ និង​ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ព្រមទាំងវត្តមានគណៈគ្រប់គ្រងជាច្រើនរូបទៀត នៅការិយាល័យធនាគារ អេស ប៊ី អាយ លី ហួរ សាខាឬស្សីកែវ។

តំណាងមកពីធនាគារ អេស ប៊ី អាយ លី ហួរ និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហាញពីការសាទរចំពោះភាពជាដៃគូនេះ និងសក្តានុពលរបស់ខ្លួន ដើម្បីសម្រេចក្តីក្តីសុបិន្តមានផ្ទះផ្ទាល់ខ្លួននៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏មានសក្តានុពលមួយនេះ។

​ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ អ្នកឧកញ៉ា សួរ វីរៈ មានប្រសាសន៍ថាតាមរយៈការហការគ្នានេះ ​នឹងកាន់តែផ្តល់ភាពងាយស្រួលអតិថិជនក្នុងការទិញផ្ទះ ដោយបានពង្រីកលក្ខខណ្ឌមានសិទ្ធិក្នុងការទិញអចលនទ្រព្យរបស់អតិថិជន បានទាំងជនជាតិខ្មែរ និងជនបរទេស។ លើសពីនេះកិច្ចព្រមព្រៀងនេះ ជួយសម្រួលដល់ជម្រើសហិរញ្ញប្បទានរយៈពេលវែង ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់ដែលអាចបត់បែនបានរហូតដល់ ២០ឆ្នាំ ដែលហេតុនេះ អាចជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុក្នុងការទិញអចលនទ្រព្យ។

លោក ជា ផល្លារិន​ បានថ្លែងដែរថា ​​អតិថិជននឹងមានលទ្ធភាពទទួលបានកម្ចី រហូតដល់៩០% ធៀបនឹងតម្លៃទ្រព្យ ដែលកាត់បន្ថ​យប្រាក់កក់ដំបូងបានច្រើនជាងមុន ហើយអតិថិជនអាចសងផ្តាច់ ឬសងប្រាក់ដើមមួយផ្នែក នៅពេលណាក៏បាន ដោយគ្មានរយៈពេលហាមឃាត់ ឬការពិន័យឡើយ។ បន្ថែមពីលើភាពទាក់ទាញផ្នែកហិរញ្ញវត្ថុ ក៏ធានានូវការផ្តល់ជូនអត្រាការប្រាក់ប្រចាំឆ្នាំប្រកួតប្រជែង នឹងធ្វើឱ្យអតិថិជន មានលទ្ធភាពច្រើនក្នុងការទិញផ្ទះនៅក្នុងគម្រោងនេះ។

លោកបន្ថែមថា ដំណើរការនៃការស្នើប្រាក់កម្ចី ក៏នឹងត្រូវបានធ្វើឱ្យងាយស្រួលផងដែរ ពោលគឺដំណើរការវាយតម្លៃឥណទានរហ័ស និងសាមញ្ញ ជាមួយនឹងតម្រូវការឯកសារច្បាស់លាស់ អតិថិជននឹងទទួលបាននូវបទពិសោធន៍ល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ​

កិច្ចសហប្រតិបត្តិការ រវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី នេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយសម្រួលដល់អតិថិជន ដែលមានបំណងចង់ក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ និងជំរុញកំណើននៅក្នុងវិស័យអចលនទ្រព្យផងដែរ។ តាមរយៈការផ្តល់ជូននូវជម្រើសហិរញ្ញប្បទានដ៏ទាក់ទាញ និងងាយស្រួលសម្រាប់គម្រោង រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន ត្រូវបានរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទាំងអស់ ដែលកំពុងស្វែងរកលំនៅដ្ឋាន និងឱកាសវិនិយោគប្រកបដោយគុណភាព៕