(ភ្នំពេញ)៖ ស្របពេលនៃការប្រារព្ធទិវាភពផែនដី ធនាគារ វីង បានប្រកាសភាពជាដៃគូដ៏សំខាន់មួយជាមួយក្រុមហ៊ុនបចេ្ចកវិទ្យារបស់ប្រទេសអូស្តា្រលី ដើម្បីជំរុញការយល់ដឹងក្នុងការប្រើប្រាស់ហិរញ្ញវត្ថុដែលផ្តល់ផលវិជ្ជមានទៅដល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះគឺជាការបោះជំហានទៅមុខមួយសំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងទំនួលខុសត្រូវផ្នែកបរិស្ថាន តាមរយៈការដាក់បញ្ចូលគម្រោង បរិស្ថាន សង្គម និងអភិបាលកិច្ច ឬហៅកាត់ថា ESG ទៅក្នុងសេវាធនាគារប្រចាំថ្ងៃ ដែលជាគំនិតផ្តួចផ្តើមដំបូងគេបង្អស់នៅក្នុងទីផ្សារប្រទេសកម្ពុជា។
ភាពជាដៃគូរវាងធនាគារ វីង និងក្រុមហ៊ុន FootprintLab ត្រូវបានបង្កើតឡើងដោយមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាផ្លូវការមួយកាលពីពេលថ្មីនេះ ដែលបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មរួមគ្នាដើម្បីផ្តល់ការគាំទ្រទៅដល់ម្ចាស់អាជីវកម្ម និងអតិថិជនទាំងអស់ក្នុងការចូលរួមសកម្មភាពបរិស្ថានតាមរយៈការប្រើប្រាស់ហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។
កិច្ចសហការនេះចាប់ផ្តើមឡើងបន្ទាប់ពីភាគីទាំងពីរបានជួបគ្នាជាលើកដំបូងនៅក្នុងសន្និសីទហិរញ្ញវត្ថុ Money 20/20 នៅក្នុងឆ្នាំ២០២៤ ហើយបច្ចុប្បន្នបានក្លាយជាដៃគូសហការប្រកបដោយចក្ខុវិស័យដ៏រឹងមាំ តាមរយៈការច្របាច់បញ្ចូលគ្នានៃការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះភាពច្នៃប្រឌិត រួមជាមួយនឹងជំនាញរបស់ក្រុមហ៊ុន FootprintLab នៅក្នុងវិស័យទិន្នន័យបរិស្ថាន។
បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា «ភាពជាដៃគូនេះគឺលើសពីការធ្វើទំនើបកម្មបច្ចេកវិទ្យាបរិស្ថានទៅក្នុងប្រព័ន្ធធនាគារ ពោលគឺជាគំនិតផ្តួចផ្តើមដែលនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំចង់បង្ហាញថា ការការពារបរិស្ថានមិនមែនជាកិច្ចការរបស់មនុស្សពីរបីនាក់នោះឡើយ។ វាទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់ទីកន្លែង រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ»។
ការគាំទ្រដល់ភាពរីកចម្រើននៃអាជីវកម្ម និងអតិថិជនទូទៅចំពោះម្ចាស់អាជីវកម្ម៖ ម្ចាស់អាជីវកម្មដែលប្រើប្រាស់គណនីធនាគារ វីង នឹងអាចចូលទៅប្រើប្រាស់ទិន្នន័យ ESGដែលជួយលើកកម្ពស់តម្លាភាព ហើយអនុញ្ញាតឱ្យសហគ្រាសខ្នាតតូច និងមធ្យម អាចបំពេញតាមតម្រូវការអំពីព័ត៌មាន ESG សម្រាប់ការនាំចេញទៅកាន់ទីផ្សារធំៗលើពិភពលោក។ ជាឧទាហរណ៍នោះគឺត្រូវការនូវលិខិតឆ្លងដែនផលិតផលឌីជីថលសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហភាពអ៊ឺរ៉ុបដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ ព្រមទាំងត្រូវអនុវត្តទៅលើផលិតផលសម្លៀកបំពាក់មុនគេ ដែលទាមទារឱ្យអ្នកនាំចេញបង្ហាញនូវព័ត៌មានអំពីកម្រិតផលប៉ះពាល់បរិស្ថានឱ្យបានពេញលេញនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។
យោងតាមការចេញផ្សាយព័ត៌មានក្នុងស្រុកកាលពីដើមឆ្នាំនេះបានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងទំនិញសម្រាប់ប្រើប្រាស់ពេលធ្វើដំណើរ ក្នុងទំហំទឹកប្រាក់ជិត ១,៩២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤។ បច្ចុប្បន្នវិស័យនេះមានរោងចក្រប្រមាណ ១.៥៣៨ទីតាំង ហើយបានផ្តល់ការងារដល់កម្មករប្រហែល ៩១៣.០០០នាក់ ដែលភាគច្រើនគឺជាស្ត្រី។ ភាពច្នៃប្រឌិតចំពោះការផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ធនាគារ វីង បានជួយឱ្យសហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាអាចសម្របខ្លួន និងរក្សាភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ទោះបីបទប្បញ្ញត្តិស្តីពីនិរន្តរភាពបរិស្ថានកាន់តែមានភាពតឹងរ៉ឹងយ៉ាងណាក្តី។
ចំពោះអតិថិជនទូទៅ៖ សម្រាប់អតិថិជនទាំងអស់ រួមទាំងអតិថិជនក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិដែលប្រើប្រាស់កាតធនាគារ វីង នឹងទទួលបានព័ត៌មានអំពីកម្រិតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសតាមរយៈការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ។ ការណ៍នេះជួយឱ្យអតិថិជនយល់កាន់តែច្បាស់អំពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងការបម្រែបម្រួលអាកាសធាតុ ហើយចូលរួមដោយផ្ទាល់ជាមួយគម្រោងកាត់បន្ថយបម្រែបម្រួលអាកាសធាតុក៏ដូចជាការសម្របខ្លួន តាមរយៈការប្រើសេវាធនាគាររបស់ពួកគេផ្ទាល់តែម្តង។
បណ្ឌិត Dmytro Kolechko បានបន្ថែមថា «ធនាគារ វីង តែងតែបង្កើតនូវភាពច្នៃប្រឌិតថ្មីៗដែលគាំទ្រដល់ការរីកចម្រើននៅក្នុងសង្គមទាំងមូល។ យើងខ្ញុំតាំងចិត្តយ៉ាងមុតមាំក្នុងភាពជាអ្នកដឹកនាំចំពោះការបម្រែបម្រួលអាកាសធាតុ ដែលកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ គោលដៅរបស់យើងគឺលើកទឹកចិត្តទៅដល់មនុស្សគ្រប់រូបចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ តាមរយៈការប្រើប្រាស់ទិន្នន័យប្រតិបត្តិការហិរញ្ញវត្ថុដែលអាចតាមដានពីកម្រិតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ យើងផ្តល់ជូននូវដំណោះស្រាយថ្មីបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា»។
បណ្ឌិត Dmytro Kolechko បានគូសបញ្ជាក់ទៀតថា «តាមរយៈវិធីសាស្ត្រថ្មីដំបូងគេនេះ យើងខ្ញុំកំពុងធ្វើឱ្យប្រសើរឡើងនូវបទដ្ឋាននៃការរស់នៅ ការប្រកបការងារនានា និងការធ្វើអាជីវកម្មជាដើម ដោយធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាស្របទៅនឹងការរំពឹងទុកនៃគំនិតផ្តួចផ្តើមអន្តរជាតិស្តីពី បរិស្ថាន សង្គម និងអភិបាលកិច្ច ហើយថែមទាំងរួមចំណែកជួយដល់ប្រទេសកម្ពុជាក្នុងការធ្វើសមាហរណកម្មបន្ថែមទៀតនៅក្នុងទីផ្សារពិភពលោក។ ភាពជាគំរូលើការដាក់បញ្ចូលការការពារបម្រែបម្រួលអាកាសធាតុនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ»។
លោកស្រី Janet Salem សហស្ថាបនិកក្រុមហ៊ុន FootprintLab បានលើកឡើងថា «វិធីសាស្រ្តដែលយើងចំណាយប្រាក់ ផ្តល់កម្ចីដល់អ្នកដទៃ និងធ្វើការវិនិយោគអាចកំណត់បានថាតើយើងអាចសម្រេចគោលដៅទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុសកលបានឬអត់។ នោះហើយជាមូលហេតុដែល FootprintLab ផ្តោតសំខាន់លើការបញ្ចូលទិន្នន័យបរិស្ថានទៅក្នុងទិន្នន័យហិរញ្ញវត្ថុ។ យើងខ្ញុំសូមកោតសរសើរចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ធនាគារ វីង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយជំរុញឱ្យយើងខ្ញុំចង់ដឹងកាន់តែខ្លាំងឡើងថាតើធនាគារឆ្នើមមួយនេះអាចសម្រេចបានអ្វីខ្លះសម្រាប់និរន្តរភាពបរិស្ថាន ជាពិសេសនោះគឺការប្រើប្រាស់ទិន្នន័យក្នុងការកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់នៅប្រទេសកម្ពុជា និងការធ្វើឱ្យដំណើរការឌីជីថលកាន់តែសាមញ្ញ។ តាមរយៈកិច្ចសហការនេះ យើងខ្ញុំជឿជាក់ថា ភាពឈានមុខគេរបស់ធនាគារ វីង ក្នុងការចូលរួមដោះស្រាយបញ្ហាអាកាសធាតុនឹងក្លាយជាគំរូដ៏ល្អសម្រាប់តំបន់ទាំងមូល»។
ការគាំទ្រចក្ខុវិស័យចំពោះបរិស្ថាននៅក្នុងប្រទេសកម្ពុជាគំនិតផ្តួចផ្តើមនេះទៀតសោត ក៏បានបង្ហាញយ៉ាងច្បាស់ពីការគាំទ្រចំពោះការប្តេជ្ញាចិត្តប្រទេសកម្ពុជាក្នុងការសម្រេចនូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងចំពោះអព្យាក្រឹតកាបូន។ តាមរយៈការដាក់បញ្ចូលទិន្នន័យ ESG ទៅក្នុងសេវាធនាគារឌីជីថលរបស់ខ្លួន ធនាគារ វីង កំពុងតែរួមចំណែកកសាងអនាគតឱ្យកាន់តែរឹងមាំ និងឆ្ពោះទៅមុខប្រកបដោយនិរន្តរភាព សម្រាប់ប្រជាជនកម្ពុជាទាំងមូល ហើយក៏ជាផ្នែកមួយនៃការចូលរួមជាមួយចលនាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។
បណ្ឌិត Dmytro Kolechko បានគូសបញ្ជាក់ថា «យើងសង្ឃឹមថាដំណោះស្រាយនេះនឹងដាក់ឱ្យដំណើរការឆាប់ៗនាពេលដ៏ខ្លីខាងមុខ ដែលនឹងគាំទ្រតួនាទីដ៏លេចធ្លោរបស់កម្ពុជាក្នុងការចូលរួមជាមួយចលនាលើកកម្ពស់និរន្តរភាពបរិស្ថាននៅទូទាំងសកលលោក»៕