(ភ្នំពេញ)៖ ជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះបឹងកេត បានបញ្ចប់ដោយភាពតានតឹង ដោយក្រុមភ្ញៀវបានយកឈ្នះ ១-០ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីរាត្រីថ្ងៃពុធកន្លងទៅ ដែលធ្វើសម្រេចដោយកីឡាករ ជូ ស៊ិនទិ តាំងពីដើមវគ្គទី១។

ក្រោយជំនួបដ៏កក្រើកខាងលើ គ្រូបង្វឹកក្រុមទាំងពីរ បានសម្ដែងការពេញចិត្ត ចំពោះការបង្ហាញនូវកម្រិតលេងខ្ពស់របស់កូនក្រុមរៀងៗខ្លួន ។ តែទន្ទឹមនឹងនោះ លោក Conor Nestor គ្រូបង្វឹកក្រុមបឹងកេត ហាក់មិនពេញចិត្តនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលឡើយ ដោយលោកយល់ថា ក្រុមខ្លួនគួរទទួលបានបាល់ពិន័យ ១១ម៉ែត្រ(ប៉េណាល់ទី) ២-៣ដង ហើយបើការកាត់សេចក្ដីបានល្អ ក្រុមខ្លួនក៏អាចនឹងឈ្នះការប្រកួតនេះដែរ។

លោក Conor បានលើកឡើងថា «ថ្ងៃនេះយើងមានឱកាសច្រើន សម្រាប់ខ្ញុំ ដូចបងប្អូនបានឃើញ ឱកាស ២ដង ដួលក្នុងប្រអប់ ដែលបានហ្វូត(ផ្លុំកញ្ចែ)ហើយអត់បានប៉េណាល់ទី ។ ប៉ុន្ដែខ្ញុំនឹងកែប្រែឱកាសដែលកីឡាករយើង បាត់បង់ស្ទើរនឹងរកគ្រាប់បាល់ឲ្យមុតស្រួចជាងហ្នឹង ។ អ្វីដែលខ្ញុំចង់ផ្ដោតធ្ងន់ គឺអាជ្ញាកណ្ដាល ដែលគួរតែពិនិត្យឡើងវិញ ព្រោះថ្ងៃនេះបើសិនការកាត់ក្ដីបានល្អប្រសើរជាងនេះ ក្រុមយើងនឹងអាចឈ្នះការប្រកួត»។

បន្ថែមលើនេះ លោកក៏បានបញ្ចេញមតិលើបណ្ដាញសង្គមបន្ថែម ដោយសំណូមពរឲ្យមានការផ្លាស់ប្ដូរថ្មី ចំពោះការអប់រំ និងបំពាក់បំប៉នបន្ថែមដល់អាជ្ញាកណ្ដាលបាល់ទាត់កម្ពុជា ដោយស្នើឲ្យសហព៧ន្ធ ចាប់ផ្ដើមពិភាក្សាអំពីផែនការនេះជាបន្ទាន់ ដើម្បីចៀសវាងនូវការប៉ះពាល់ដល់ការអភិវឌ្ឍ និងទឹកចិត្តរបស់ស្រលាញ់បាល់ទាត់កម្ពុជា ។ យ៉ាងណាលោកទទួលស្គាល់អាជ្ញាកណ្ដាល ត្រូវការការគាំទ្រ និងការអភិវឌ្ឍ ប៉ុន្ដែពួកគេក៏ចាំបាច់ត្រូវការការផ្លាស់ប្ដូរផងដែរ។

ទន្ទឹមជាមួយគ្នាលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានទទួលស្គាល់ពីកម្រិតលេងរបស់បឹងកេត ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ដែលជាឱកាសចុងក្រោយរបស់ពួកគេ បន្ទាប់ពីអស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ដែលនាំឲ្យក្រុមនាគខៀវ បានព្យាយាមដាក់សម្ពាធលើក្រុមខ្លួន តាំងពីនាទីដំបូង ហើយក៏មានប្រៀបជាងព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតនេះដែរ ។

លោក Pep បន្ដថា «លទ្ធផលថ្ងៃនេះ ខ្ញុំជឿថា បឹងកេត អត់សប្បាយចិត្តទេ។ បើតាមខ្ញុំយល់ឃើញ បឹងកេត គួរតែរកគ្រាប់បាល់បាន ប៉ុន្ដែបាល់ទាត់ ស្ថិតលើការទាត់បញ្ចូលទី បើសិនអត់អាចបញ្ចប់ទីបានទេ គឺមិនអាចឈ្នះទេ ។ ខ្ញុំគិតថា បឹងកេត មានប្រៀបជាងក្នុងការប្រកួតថ្ងៃនេះ»។

គួរដឹងថា ជំនួបជើងទី២ រវាងក្រុមទាំងពីរ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំនេះ ត្រូវបានលើកពីថ្ងៃទី៧ ទៅថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីភាគីពាក់ព័ន្ធ ពិសេសក្លិបបឹងកេត បានឯកភាពតាមសំណើរលើកការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ដើម្បីទុកឱកាសឲ្យក្រុមព្រះខ័នរាជស្វាយរៀង មានពេលវេលាសមរម្យសម្រាប់សម្រាក និងហ្វឹកហាត់ត្រៀមការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/25 នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ៕