(ភ្នំពេញ)៖ អាចចាត់ទុកថា នេះជាជំហានប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់វិស័យភាពយន្តកម្ពុជា ដោយខ្សែភាពយន្តខ្មែរបែបរន្ធត់ព្រឺព្រួច ចំណងជើង «កំណើតអរូប» (The Ritual Black Nun) របស់ផលិតកម្ម Wonder Film Entertainment កំពុងចេញផ្សាយជាផ្លូវការ នៅលើគេហទំព័រផ្លូវការរបស់ Amazon Prime Video ដែលមានសិទ្ធិចែកចាយភាពយន្តនៅក្នុងចក្រភពអង់គ្លេស (UK) និងទឹកដីសហអាមេរិកខាងជើង (North America)។
នេះជាជំហានដ៏មានអត្ថន័យសម្រាប់ភាពយន្តខ្មែរយើង ដែលកន្លងមកមិនធ្លាប់ទទួលបានការចែកចាយផ្លូវការលើវេទិកាអន្តរជាតិដ៏ធំបែបនេះពីមុនមកនោះឡើយ។
មិនមែនជារឿងចៃដន្យសម្រាប់ភាពយន្តខ្មែរក្នុងការជ្រៀតខ្លួនចូលទីផ្សារអន្តរជាតិនាពេលនេះ តែបានកើតឡើងដោយសារការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់អ្នកផលិតជំនាន់ថ្មី ដែលបានឧស្សាហ៍ស្វែងរកឱកាសដើម្បីលើកស្ទួយស្នាដៃខ្មែរទៅកាន់វេទិកាអន្តរជាតិ បន្ទាប់ពីយើងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ យ៉ាងណាមិញ «កំណើតអរូប» គឺជាចម្លើយជាក់ស្តែងមួយចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការនាំយកភាពយន្តខ្មែរឆ្ពោះទៅទីផ្សារអន្តរជាតិ។
លោក សែម វិសាល អគ្គនាយកផលិតកម្ម Wonder Film Entertainment បានលើកឡើងថា «រឿងកំណើតអរូប មិនមែនគ្រាន់តែជាខ្សែភាពយន្តមួយប៉ុណ្ណោះទេ តែជាការបង្ហាញពីសមត្ថភាពវប្បធម៌ខ្មែរ ក្នុងការបញ្ចេញសារតាមរយៈសិល្បៈជាសកល។ Prime Video គឺជាវេទិកាដែលអាចបង្ហាញពីភាពអស្ចារ្យនៃសិល្បៈខ្មែរឱ្យប្រជាជននៅជុំវិញពិភពលោកបានទស្សនា និងឈ្វែងយល់»។
ចាប់ពីពេលនេះតទៅ បងប្អូនខ្មែរដែលកំពុងរស់នៅនៅចក្រភពអង់គ្លេស (UK), សហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់ North America អាចទស្សនាខ្សែភាពយន្ត «កំណើតអរូប» (The Ritual Black Nun) ដែលផលិតដោយសា្នដៃកូនខ្មែរដោយផ្ទាល់បាន តាមរយៈគេហទំព័រ Prime Video តាមតំណរភ្ជាប់ (Link) ផ្លូវការនេះ https://www.amazon.com/dp/B0D1HFVJBD។
ការទស្សនារបស់លោកអ្នកមិនត្រឹមតែជាការកម្សាន្តនោះទេ ប៉ុន្តែជាផ្នែកមួយនៃការគាំទ្រសិល្បៈភាពយន្តខ្មែរ និងបញ្ចេញសម្លេងរបស់ជាតិខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រោះភាពយន្តជាសិល្បៈដែលមិនមែនសម្រាប់តែទស្សនា ប៉ុន្តែសម្រាប់សង្រ្គោះអត្តសញ្ញាណស្នាដៃផងដែរ ដូចជា រឿង «កំណើតអរូប» គឺជាសញ្ញាសម្រាប់បង្ហាញថា «សិល្បៈខ្មែរមិនត្រូវជាប់ព្រំដែនឡើយ» តែជារឿងរ៉ាវមួយដែលភ្ជាប់អារម្មណ៍ខ្មែរជាមួយទស្សនៈអន្ដរជាតិ តាមរយៈសិល្បៈភាពយន្ត។
សូមជម្រាបថា មុនឈានដល់ការចេញផ្សាយជាផ្លូវការលើគេហទំព័រ Amazon Prime Video នាពេលនេះ ខ្សែភាពយន្តរឿង «កំណើតអរូប» (The Ritual Black Nun) របស់ Wonder Film Entertainment ជាភាពយន្តដែលផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាសម្រាប់ការចាក់បញ្ចាំងក្នុងប្រទេសកម្ពុជាយើងនាអំឡុងអំឡុងខែមេសា ឆ្នាំ ២០២៣។ បន្ទាប់ពីជោគជ័យទីផ្សារក្នុងស្រុក រឿង «កំណើតអរូប» ត្រូវបាននាំយកទៅចាក់បញ្ចាំងនៅប្រទេសថៃ , ឡាវ និង១៥ប្រទេសធំៗក្នុងតំបន់អាស៊ី និងប៉ែកអឺរ៉ុប រួមទាំង platform online ធំៗប្រមាណជិត ២០០ប្រទេសទៀតផង៕