(ភ្នំពេញ)៖ «សមាគមសិល្បករខ្មែរ» ក្នុងអាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលបាននូវមូលនិធិឧបត្ថម្ភជាទឹកប្រាក់ចំនួន ៧៥,០០០ដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ពីក្រុមហ៊ុន «ហ្គោដេន អេរ៉ា យូអិលរី ឯ.ក» ដើម្បីជួយទ្រទ្រង់រាល់សកម្មភាពសប្បុរសធម៌ របស់សមាគមសិល្បករខ្មែរ ជាពិសេសជួយដល់សិល្បករ-សិល្បការិនី ដែលមានវ័យចំណាស់ និងខ្វះខាតជាដើម។
ការប្រកាសឧបត្ថម្ភមូលនិធិនេះ ធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងសមាគមសិល្បករខ្មែរ និងក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក ស្តីពី ការឧបត្ថម្ភមូលនិធិប្រចាំឆ្នាំជូនសមាគមសិល្បករខ្មែរ រយៈពេល៥ឆ្នាំ ដែលរៀបចំឡើងនៅហាងពេជ្រ ឡុកហ្វុក គ្រឿងអលង្កា (LukFook Jewellery) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះសីហនុ ជាប់នឹងក្រុមហ៊ុនសែលកាត។
លោកស្រី ឆាយ លក្ខិណា ប្រធានក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក បានមានប្រសាសន៍ថា ដោយសារមានជំនឿជឿជាក់ និងទំនុកចិត្តខ្ពស់លើប្រសិទ្ធភាពការងាររបស់សមាគមសិល្បករខ្មែរអាណត្តិទី៦ ម្យ៉ាងក៏ដោយសារមានស្មារតីស្រលាញ់ ចូលចិត្ត និងចង់ជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ផងនោះ ទើបលោកស្រីបានរៀបចំឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការឧបត្ថម្ភមូលនិធិប្រចាំឆ្នាំជូនសមាគមសិល្បករខ្មែរ រយៈពេល៥ឆ្នាំនេះឡើង។
លោកស្រីបន្តថា តាមរយៈថវិកាដែលបានជួយឧបត្ថម្ភនៅថ្ងៃនេះ គឺពិតជាបានទៅដល់ដៃសិល្បករ-សិល្បការិនីជាស់ជរា ឬបាត់បងសមត្ថភាពការងារ និងខ្វះខាតពិតប្រាកដ ព្រោះលោកស្រីផ្ទាល់ជឿជាក់លើការងារដឹកនាំដ៏មោះមុតរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន។ លោកស្រីរំពឹងថា ក្រៅពីលោកស្រី នឹងនៅមានសប្បុរសជនដេលជាអ្នកមានធនធានជាច្រើនផ្សេងទៀត មានទល្ធភាពជួយដល់សមាគមសិល្បករខ្មែរជាបន្តបន្ទាប់ ដើម្បីបង្ហាញពីក្ដីស្រឡាញ់រួបរួមគ្នា លើកស្ទួយដល់វិស័យសិល្បៈ និងក្នុងនាមជាខ្មែរដូចគ្នា។
ដោយឡែក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានថ្លេងថា ការជួយឧបត្ថម្ភមូលនិធិនាថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ តែវាបានកើតឡើងដោយបានឆ្លុះបញ្ចាំងនូវរឿងសំខាន់ៗចំនួន៣គឺ៖
ទី១. ស្តែងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា៖ ជាការពិតណាស់ តាំងពីថ្ងៃដំបូងក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ ទាំងរូបលោកជំទាវអ្នកឧកញ៉ាផ្ទាល់ និងក្រុមការងារ ពិតជាខិតខំទាំងអស់គ្នាក្នុងការជម្រុញប្រសិទ្ធភាពការងារ និងស្វះស្វែងរកជំនួយឧបត្ថម្ភ ដើម្បីទ្រទ្រង់ដំណើរការនៃសមាគមឱ្យប្រព្រឹត្តទៅដោយរលូន មានស្ថិរភាព និងនិរន្តរភាព។ ដើម្បីអ្វី? គឺដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងកិច្ចអភិរក្ស ថែរក្សា និងអភិវឌ្ឍ វិស័យសិល្បៈវប្បធម៌ ទេសចរណ៍ ពិសេសគឺដើម្បីជួយដល់សិល្បករសិល្បការិនីដោយផ្ទាល់តាមលទ្ធភាពដែលយើងមាន។
ទី២. ស្តែងឱ្យឃើញពីការជឿជាក់ និងផ្តល់ទំនុកចិត្ត៖ ត្បិតសមាគមសិល្បករខ្មែរអាណត្តិទី៦ ទើបតែធ្វើដំណើរបានក្នុងរយៈពេល១ឆ្នាំក៏ពិតមែន ប៉ុន្តែពួកយើងបានរួមដៃគ្នា ធ្វើការងារជាប្រយោជន៍ជាច្រើនដល់សិល្បករសិល្បការិនី និងសង្គមជាតិមាតុភូមិ។ តាមរយៈកិច្ចខិតខំរបស់យើងទាំងអស់គ្នា ពិតជាបានកសាងទំនុកចិត្តយ៉ាងធំធេងទាំងក្នុងចំណោមសិល្បករសិល្បការិនី មហាជន និងក្នុងចំណោមអ្នកជំនួញ ដូច្នេះហើយទើបយើងទទួលបានមូលនិធិទ្រទ្រង់ជាបន្តបន្ទាប់ ជាក់ស្តែងដូចជា ការជួយឧបត្ថម្ភទ្រទ្រង់របស់លោកជំទាវ ឆាយ លក្ខិណា នៅថ្ងៃនេះ។
ទី៣. ស្តែងឱ្យឃើញពីស្មារតីនៃការចូលរួមកសាងជាតិកម្ពុជាទាំងអស់គ្នា៖ ជាការពិតណាស់ ការជួយឧបត្ថម្ភរបស់អ្នកទ្រទ្រង់សមាគមទាំងអស់ គឺមិនមែនគ្រាន់តែជាការជួយក្នុងបេសកកម្មរបស់លោកជំទាវអ្នកឧកញ៉ាទេ ហើយក៏មិនមែនត្រឹមតែជាការជួយរួមចំណែកក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ប៉ុណ្ណោះដែរ តែការជួយឧបត្ថម្ភទ្រទ្រង់របស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា គឺជាការចូលរួមអភិវឌ្ឍជាតិកម្ពុជារួមគ្នាតែម្តង ពោលគឺ មិនថាពួកយើងនៅវិស័យណា កន្លែងទេ យើងពិតជាអាចចូលរួមអភិវឌ្ឍជាតិបានទាំងអស់គ្នា។
គួរបញ្ជាក់ថា យោងតាមអនុស្សរណៈយោគយល់គ្នា ក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក ត្រូវធ្វើការឧបត្ថម្ភមូលនិធិប្រចាំឆ្នាំជូនសមាគមសិល្បករខ្មែរ ក្នុងមួយឆ្នាំចំនួន ១៥,០០០ដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ស្មើនឹងទឹកប្រាក់សរុបចំនួន ៧៥,០០០ដុល្លារសហរដ្ឋអាមេរិក៕