(បរទេស)៖ ក្រុមហ៊ុនមេរបស់ Facebook គឺ Meta Platform ត្រូវបានគេរាយការណ៍មកថា កំពុងបញ្ឈប់បុគ្គលិកនៅផ្នែក Reality Labs ចំពេលការរៀបចំរចនាសម្ព័ន្ធឡើងវិញកំពុងបន្ត ខណៈមិនបញ្ជាក់ពីចំនួនបុគ្គលិកដែលរងផលប៉ះពាល់លម្អិតនោះទេ។ ប៉ុន្តែតាមការរំពឹងទុកទំនងមិនក្រោម ១០០នាក់ទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។
របាយការណ៍បានបញ្ជាក់ថា ការកាត់បន្ថយនេះប៉ះពាល់ដល់ក្រុមមួយចំនួនក្នុងនោះរួមមាន ក្រុមអភិវឌ្ឍន៍ដៃហ្គេម Oculus Studio និងក្រុម Supernatural ដែលធ្វើការលើបញ្ញាសិប្បនិម្មិត VR។ អ្នកនាំពាក្យ Meta បាននិយាយថា «ការបញ្ឈប់ទាំងនេះគឺ ដើម្បីជួយឱ្យ Studios ធ្វើការកាន់តែមានប្រសិទ្ធភាពលើបទពិសោធន៍ វែនតាបញ្ញាសិប្បនិមិ្មត MR និង VR នាពេលអនាគតសម្រាប់ទស្សនិកជនដែលកំពុងកើនឡើងរបស់យើង»។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បុគ្គលិករបស់ Meta ជាសកលមានចំនួនសរុប ៧៤,០៦៧នាក់។
គួរជម្រាបថា Reality Labs ដែលគ្រប់គ្រងការអភិវឌ្ឍន៍ និងទីផ្សារនៃកាស និងវែនតា Quest បានខាតបង់ចំនួន ៥ ពាន់លានដុល្លារនៅក្នុងត្រីមាសទី៤។ ទោះបីជាបែបនេះក៏ដោយ នាយកប្រតិបត្តិ (CEO) លោក Mark Zuckerberg នៅតែមានសុទិដ្ឋិនិយមចំពោះការប្តេជ្ញាចិត្តរយៈពេលវែងរបស់ Meta ចំពោះបច្ចេកវិទ្យា augmented និង virtual reality របស់ខ្លួនថានឹងទទួលបានជោគជ័យខ្លាំងនាពេលអនាគត៕