(បរទេស)៖ បន្ទាប់ពីមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ថ្មីៗនេះ រដ្ឋាភិបាលប៉ាគីស្ថានបានបិទជើងហោះហើរសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺ Air India និង IndiGo។ វាមិនត្រឹមតែរំខានដល់ប្រតិបត្តការជើងហោះហើរប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានបង្កើនការចំណាយ និងពេលវេលារបស់អ្នកធ្វើដំណើរថែមទៀតផង។

ការបិទនេះបានបង្ខំឱ្យជើងហោះហើរឆ្ពោះទៅទិសខាងលិច ជាពិសេសគឺជើងហោះហើរចាកចេញពីមជ្ឈមណ្ឌលភាគខាងជើងសំខាន់ៗដូចជា ញូវដេលី ដើម្បីធ្វើផ្លូវឡើងវិញ ជាធម្មតាវាងឆ្ពោះទៅភាគខាងត្បូងលើរដ្ឋ Gujarat ឬ Maharashtra ហើយបន្ទាប់មកខាងលិចលើសមុទ្រអារ៉ាប់ ដោយឆ្លងកាត់ប្រទេសប៉ាគីស្ថានទាំងស្រុង។

ជើងហោះហើរទៅកាន់គោលដៅនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ឥឡូវនេះកំពុងប្រើប្រាស់ផ្លូវវែងជាង ដោយត្រូវបន្ថែម ១ ទៅ ៤ម៉ោង អាស្រ័យលើគោលដៅ។

ចំពោះការចំណាយ វាមិនមែនត្រឹមតែថ្លៃប្រេងសាំងប៉ុណ្ណោះទេ គឺត្រូវរាប់បញ្ចូលទាំងតម្លៃថែមម៉ោងរបស់សហសេវិក បុគ្គលិក និងទីតាំងជួលសម្រាប់ប្រតិបត្តិការទាំងមូល ខណៈដែលយន្តហោះត្រូវបន្ថយការផ្ទុក ដូចជាត្រូវដាក់អ្នកដំណើរ ឬទំនិញតិចជាងមុន ដើម្បីឲ្យសសាំងដែលមាននៅក្នុងយន្តហោះអាចធ្វើដំណើរដល់គោលដៅ ព្រោះត្រូវប្រើប្រាស់ផ្លូវវាង។

សរុបមក ការបិទដែនអាកាសប៉ាគីស្ថានកំពុងបង្កការរំខានយ៉ាងខ្លាំងដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ជាពិសេសប្រតិបត្តិការជើងហោះហើរអន្តរជាតិពីទីក្រុង New Delhi និងទីក្រុងភាគខាងជើងផ្សេងទៀត។ លទ្ធផលផ្លូវហោះហើរវែងជាង ការចំណាយខ្ពស់ និងបញ្ហាប្រឈមក្នុងប្រតិបត្តិការកំពុងជះឥទ្ធិពលដល់ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរ ដោយមានផលប៉ះពាល់យ៉ាងខ្លាំង ដែលត្រូវបានគេរំពឹងទុកថា វានឹងប៉ះពាល់នៅទូទាំងវិស័យអាកាសចរណ៍៕