(ភ្នំពេញ)៖ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតែងតែមានការប្រាស្រ័យទាក់ទង និងការប្រកបមុខរបររកស៊ីទៅវិញទៅមក ហើយការទំនាក់ទំនងប្រចាំថ្ងៃនេះ អាចងាយនឹងកើតជាបទល្មើសព្រហទណ្ឌ ប្រសិនបើប្រជាពលរដ្ឋមិនបានដឹងច្បាស់អំពីការប្រើប្រាស់សិទ្ធិ ឬព្រំដែនដែលអាចអនុវត្តសិទ្ធិរបស់ខ្លួន ជាពិសេសមិនបានយល់ដឹងអំពីអំពើដែលច្បាប់បានហាមឃាត់ និងផ្តន្ទាទោសជាបទល្មើសព្រហ្មទណ្ឌ ។
បុគ្គលគ្រប់រូបមានសិទិ្ធដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរ មានសមត្ថកិច្ច ឬតុលាការក្នុងករណីមានការរំលោភបំពានលើខ្លួន ឬលើបុគ្គលផ្សេងទៀតដែលខ្លួនបានដឹងច្បាស់ពីសកម្មភាពនៃបទល្មើសនោះ ប៉ុន្តែច្បាប់មិនអនុញ្ញាតដល់បុគ្គលណាដែលប្រឌិតអង្គហេតុដើម្បីប្តឹងបរិហារ ឬរាយការណ៍ទៅកាន់ស្ថាប័នតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចនោះទេ ជៀសវាងខាតពេលក្នុងការស្រាវជ្រាវ ការស៊ើបអង្កេត ស៊ើបសួរ និងជំនុំជម្រះលើសំណុំរឿងទាំងមូលចោលជាអសារបង់ ហេតុដូច្នេះហើយបានជាក្រមព្រហ្មទណ្ឌ បានបញ្ញត្តិមាត្រា៥២៤ ក្នុងគោលបំណងបង្ការការភូតកុហកក្នុងបណ្តឹងបរិហារ ។
ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ
ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទប្តឹងបរិហារដោយភូតកុហកដល់អាជ្ញាធរតុលាការ» មកធ្វើការពន្យល់ជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នាដូចខាងក្រោម។
មុននឹងឈានចូលដល់ការបកស្រាយប្រធានបទខាងលើនេះ យើងគប្បីយល់អំពីពាក្យថា បណ្តឹងបរិហារ ជាមុនសិន បណ្តឹងបរិហារ គឺជាបណ្តឹងធ្វើឡើងដោយបុគ្គលដែលបានដឹងអំពីអំពើល្មើស ដាក់ជូនទៅស្ថាប័នមានសមត្ថកិច្ចអំពីអង្គហេតុ ឬសកម្មភាពល្មើសណាមួយដែលបានកើតឡើង ឬដែលកំពុងកើតឡើងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងឱ្យធ្វើការពិនិត្យ និងស្វែងរកភស្តុតាងក្នុងបទល្មើស ព្រមទាំងបុគ្គលដែលបានប្រព្រឹត្តបទល្មើស និងបុគ្គលដែលជាប់ទាក់ទងផ្សេងទៀត ។
ប្រជាពលរដ្ឋមានសិទ្ធិប្តឹងបរិហារទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ (យោងតាមមាត្រា៣៩ នៃរដ្ឋធម្មនុញ្ញ) ឱ្យបានដឹងនូវព្រឹត្តិការណ៍ ឬហេតុការណ៍ណាមួយ ដែលបានកើតឡើង ឬកំពុងកើតឡើង ដែលមានផលប៉ះពាល់ដល់ជនរងគ្រោះ និងប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ ដើម្បីឱ្យអាជ្ញាធរ ឬតុលាការ ដែលមានសមត្ថកិច្ចធ្វើការទប់ស្កាត់ និងការពារអំពើល្មើសនោះទៅតាមបញ្ញត្តិច្បាប់ ។ ប៉ុន្តែម្ចាស់បណ្តឹងបរិហារត្រូវតែមានភ្ជាប់នូវ ភស្តុតាង អំណះអំណាង ឬសាក្សីច្បាស់លាស់ ដើម្បីបញ្ជាក់អំពីភាពពិតប្រាកដ នៃហេតុការណ៍ដែលបានកើតឡើង ។
ផ្ទុយទៅវិញប្រសិនបើម្ចាស់បណ្តឹងពុំមានភស្តុតាង ឬព័ត៌មានដែលពាក់ព័ន្ធនឹងភាពពិតប្រាកដនៃបណ្តឹងទេ នឹងនាំឱ្យបណ្តឹងនោះក្លាយជាការប្តឹងដោយភូតកុហកដល់អាជ្ញាធរតុលាការដែលជាអំពើខុសច្បាប់ ។ ដោយយោងតាមមាត្រា៥២៤ នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើដែលប្តឹងបរិហារដោយភូតកុហកដល់អាជ្ញាធរតុលាការ ឬអាជ្ញាធររដ្ឋបាលនូវអំពើជាបទល្មើស កាលបើការប្តឹងបរិហារនេះនាំឱ្យធ្វើការស្រាវជ្រាវដោយឥតប្រយោជន៍ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ។
សរុបមក ការប្តឹងបរិហារដោយភូតកុហកដល់អាជ្ញាធរតុលាការ គឺជាសកម្មភាពដែលបុគ្គលណាមួយបានប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ ដើម្បីចំណាត់ការតាមផ្លូវច្បាប់ និងទប់ស្កាត់អំពើណាមួយ ដែលបានប៉ះពាល់ដល់ជនរងគ្រោះ ឬសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែការប្តឹងនោះពុំមានអំណះអំណាង ឬព័ត៌មានច្បាស់លាស់ ដែលនាំឱ្យអាជ្ញាធរ និងតុលាការស្រាវជ្រាវដោយឥតប្រយោជន៍ នាំឱ្យខាតពេលវេលា និងប៉ះពាល់ដល់ការបំពេញការងាររបស់អាជ្ញាធរតុលាការ ។ ជនដែលប្រព្រឹត្តិផ្ទុយពីច្បាប់ ដូចមានរៀបរាប់ខាងលើ នឹងទទួលខុសត្រូវចំពោះមុខច្បាប់យោងតាមមាត្រា៥២៤ នៃក្រមព្រហ្មទណ្ឌ ។
រៀបរៀងដោយ៖ លោកស្រីមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ថន ផានិត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕