(ម៉ាឌ្រីដ)៖ លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា នឹងបើកកិច្ចពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ប្រេស៊ីល ដើម្បីចូលដឹកនាំក្រុមជម្រើសជាតិសាំបាប្រេស៊ីល ដ្បិតកៅអីក្នុងក្លិបអេស្ប៉ាញ Real Madrid បានកំពុងរង្គោះរង្គើ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កិច្ចពិភាក្សានេះដែរនឹងត្រូវបានធ្វឡើងឆាប់ៗនេះ ពោលគឺតែងទាំងគ្រូបង្វឹកសញ្ជាតិអ៉ីតាលីរូបនេះ ឱ្យបានមុនពេលលេងជម្រុះ World Cup 2026 ដែលនឹងធ្វើឡើងនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ជាបន្តទៀត ប្រចាំតំបន់អាមេរិកឡាទីន។

បុរសវ័យ ៦៥ឆ្នាំ Ancelotti បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចាញ់ផ្តាច់ព្រ័ត្រពាន Copa del Rey កាលពីរាត្រីថ្ងៃសៅរ៍ថា «ប្រធានបទនិយាយពីអនាគតរបស់លោក នឹងដឹងច្បាស់នាសប្តាហ៍ក្រោយ ពុំមែនថ្ងៃនេះទេ»

លោក Carlo Ancelotti ជាបេក្ខភាពសំខាន់ដំបូងគេ ដើម្បីជំនួសកៅអីគ្រូបង្វឹកលោក Dorival Junior ដែលត្រូវបានដកតួនាទី ក្រោយពេលអតីតជើងឯក World Cup ៥សម័យកាលប្រេស៊ីល ចាញ់គូប្រជែងអាហ្សង់ទីន ៤-១ កាលពីខែមុននៅទីក្រុង Buenos Aires ដែលធ្វើឱ្យពួកគេធ្លាក់ទៅលេខ៤ ក្នុងតារាងពិន្ទុជាបណ្ណោះអាសន្នផងដែរ ក្នុងដំណើរស្វែងរកកៅអីទៅលេង World Cup នាឆ្នាំក្រោយនេះ៕