(ឡុងដ៍)៖ ជំនួបខ្លាំងប៉ះខ្លាំងរវាង Daniel Dubois និង Oleksandr Usyk ប្រភេទប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក នឹងធ្វើឡើងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅសង្វៀនដែលស្ថិតក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងជំនួបធំនេះដែរ នឹងដាក់ខ្សែក្រវាត់ដល់ទៅ ៤ឯណោះ ពោលគឺកីឡាករសញ្ជាតិអង់គ្លេស Dubois បានកំពុងកាន់កាប់ខ្សែក្រវាត់ IBF គ្រាដែលគូប្រជែងមិនដែលចាញ់ Usyk របស់អ៊ុយក្រែនវិញ កំពុងមាន WBA (Super), WBO និង WBC ថែមទៀតផង។
កីឡាករចាស់វស្សា Usyk វ៏យ ៣៨ឆ្នាំ នៅតែជាជើងឯកដដែល តាមរយៈប្រកួត ២៣លើកមិនចាញ់ឡើយ និងធ្លាប់ផ្តួលគូប្រជែងវ័យ ២៧ឆ្នាំ Dubois ឱ្យបោះបង់ការប្រកួតត្រឹមទឹកទី៩ កាលជួបគ្នាលើកទី១ នាអំឡុងខែសីហា ឆ្នាំ២០២៣។
លើសពីនេះទៀត ជើងខ្លាំងនៃប្រទេសដែលកំពុងញាំញីទៅដោយបញ្ហាសង្រ្គាមជាមួយរុស្ស៊ីនេះ ក៏បានសាងប្រវត្តិសាស្រ្តថ្មីមួយទៀត តាមរយៈផ្តួលជើងខ្លាំងអង់គ្លេស Tyson Fury នាខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តកំណត់ត្រាជើងឯកទម្ងន់វ៉ៃមិនចាញ់ និងគ្រប់គ្រងខ្សែក្រវាត់ ៤ស្ថាប័នផ្សេងគ្នាផងដែរ៕