(បរទេស)៖ កាសែត Wall Street Journal បានរាយការណ៍នាពេលថ្មីៗនេះថា ក្រុមហ៊ុន Huawei Technologies របស់ប្រទេសចិនកំពុងរៀបចំ សាកល្បងបន្ទះឈីប AI ថ្មីបំផុតរបស់ខ្លួន ដែលមានឥទ្ធិពលខ្លាំង ដោយសង្ឃឹមថានឹងចូលមកជំនួសផលិតផលកម្រិតខ្ពស់មួយចំនួននៃបន្ទះឈីបយក្សពីក្រុមហ៊ុន Nvidia របស់ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

របាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Huawei បានទាក់ទងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនអំពីការសាកល្បងទៅតាមលទ្ធភាពបច្ចេកទេសនៃបន្ទះឈីបថ្មីនេះ។ បន្ទះឈីបនេះមានឈ្មោះថា «Ascend 910D»។ របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនចិនសង្ឃឹមថា ការបង្កើតឡើងចុងក្រោយបង្អស់នៃបន្ទះឈីប Ascend AI processors របស់ខ្លួននឹងមានថាមពលខ្លាំងជាងបន្ទះឈីប H100 របស់ Nvidia ហើយបន្ទះឈីបនេះគ្រោងនឹងទទួលនូវគំរូនៃ processor ដំបូងនៅចុងខែឧសភា។
Reuters បានរាយការណ៍ថា ក្រុមហ៊ុន Huawei គ្រោងនឹងចាប់ផ្តើមដឹកជញ្ជូនបន្ទះឈីបឆ្លាតវៃសិប្បនិម្មិត 910C កម្រិតខ្ពស់របស់ខ្លួន ទៅកាន់អតិថិជនចិននៅដើមខែក្រោយ។

គួរជម្រាបថា ក្រុមហ៊ុនចិន Huawei និងដៃគូរបស់ខ្លួន ត្រូវបានគេដឹងថាខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយ Nvidia ក្នុងការបង្កើតបន្ទះឈីបកំពូល ក្នុងន័យធ្វើយ៉ាងណាប្រជែងជាមួយផលិតផលរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក។ ការខិតខំរបស់ក្រុមហ៊ុនចិន គឺមិនត្រឹមតែដើម្បីបង្កើនសមត្ថភាពប៉ុណ្ណោះទេ គឺស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបានកាត់ផ្តាច់ប្រទេសចិន ពីការទិញផលិតផល AI ទំនើបបំផុតពី Nvidia រួមទាំងបន្ទះឈីប B200 ដ៏ទំនើបផងដែរ៕