(បរទេស)៖ សារព័ត៌មាន Nikkei បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន TikTok កំពុងរៀបចំចូលក្នុងទីផ្សារ e-commerce របស់ប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយបើកដំណើរការកម្មវិធី TikTok Shop របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

Nikkei បានឱ្យដឹងទៀតថា​ TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance របស់ចិន កំពុងជ្រើសរើសអ្នកលក់នៅក្នុងប្រទេសជប៉ុនជាដៃគូសហការ ដើម្បីផ្តល់ជូននូវផលិតផលរបស់ពួកគេរាប់ចាប់ពីស្បែកជើងប៉ាតា រហូតដល់គ្រឿងសំអាង។ TikTok Shop ត្រូវបានគេស្គាល់ជាកម្មវិធីដែលអ្ន​កលក់អាចធ្វើការផ្សាយបន្តផ្ទាល់ (ឬ livestreams) និងទួលបានកម្រៃជើងសារលើប្រតិបត្តិការរបស់ពួកគេ។​

គួរជម្រាបថា TikTok បច្ចុប្បន្នកំពុងសម្លឹងមើលការពង្រីកអាជីវកម្មរបស់ខ្លួននៅខាងក្រៅសហរដ្ឋអាមេរិក ជាកន្លែងដែលកម្មវិធីដ៏លេចធ្លោរនេះរង់ចាំកិច្ចព្រមព្រៀងដែលនឹងធានាវត្តមានរបស់ខ្លួននៅលើទឹកដីដែលមានអ្នកប្រើប្រាស់សកម្មប្រមាណ ១៧០លាននាក់។ ទន្ទឹមនឹងនេះ កាលពីខែមីនា TikTok Shop បានបើកដំណើរការទៅកាន់អ្នកប្រើប្រាស់នៅប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី ដោយពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតទៅតំបន់កាន់អឺរ៉ុប៕