(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេ និងជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេនៅកម្ពុជា ត្រូវបានប្រសិទ្ធនាមជា ធនាគារឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ ដោយទស្សនាវដ្តីGlobal Finance។ ធនាគារបានទទួលពានរង្វាន់ដ៏គួរឲ្យស្ញប់ស្ញែងនេះចំនួន១១ឆ្នាំ ជាប់ៗគ្នា ដែលបង្ហាញយ៉ាងច្បាស់ថា ABA នៅតែបន្តឈានមុខគេយ៉ាងរឹងមាំ ក្នុងវិស័យធនាគារនៅកម្ពុជា។
ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ជាសក្ខីភាពចំពោះសមិទ្ធិផលដ៏ប្រសើរជាច្រើនរបស់ធនាគារ ក្នុងនវានុវត្តន៍ឌីជីថល, សេវាធនាគារតាមទូរស័ព្ទដៃ, សេវាធនាគារដែលផ្តោតទៅលើអតិថិជន, និងការបំពេញតាមតម្រូវការហិរញ្ញវត្ថុពីអតិថិជនពីគ្រប់ស្រទាប់វណ្ណៈរបស់ខ្លួន។
ក្នុងឆ្នាំ២០២៤ ABA បានពង្រឹងជំហរក្នុងទីផ្សាររបស់ខ្លួន យ៉ាងល្អគួរឲ្យកត់សម្គាល់ ដោយធនាគារទទួលបានអតិថិជនសរុបជាង៤លាននាក់ ដែលនេះ បង្ហាញពីសមត្ថភាព ក្នុងការទាក់ទាញ និងរក្សាមូលដ្ឋានអតិថិជនរបស់ខ្លួនបានយ៉ាងល្អប្រសើរ។ កំណើនអតិថិជននេះ បានធ្វើឲ្យប្រាក់បញ្ញើកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើង១៩% ដែលធ្វើឲ្យប្រាក់បញ្ញើមានចំនួនសរុប១១ប៊ីលានដុល្លារ នៅត្រឹមបំណាច់ឆ្នាំ២០២៤។ កំណើននេះបង្ហាញពីទំនុកចិត្តខ្ពស់របស់អតិថិជន មកលើធនាគារ, កេរ្តិ៍ឈ្មោះ, និងសេវាដែលផ្តល់ជូនអតិថិជនរូបវន្ត សាជីវកម្មនិងស្ថាប័នរដ្ឋាភិបាល។
កម្មវិធី ABA Mobile ជាកម្មវិធីដ៏លេចធ្លោរបស់ធនាគារ មានកំណើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤ គឺកើនអ្នកប្រើប្រាស់ចំនួន៣២%។កំណើននេះគឺដោយសារ ABA Mobile មានភាពងាយស្រួលក្នុងការប្រើប្រាស់ ជាមួយនឹងការបំពាក់នូវមុខងារសុវត្ថិភាពនិងទំនើបជាច្រើនដូចជា មុខងារសោមុខសុវត្ថិភាព (FacePass Secure) ដែលយកទម្រង់មុខផ្ទាល់របស់អ្នកប្រើប្រាស់ ជាប្រព័ន្ធផ្ទៀងផ្ទាត់សុវត្ថិភាព ស្រទាប់ទីពីរ ដើម្បីប្រើប្រាស់មុខងារសំខាន់ៗជាច្រើនទៀតនៅក្នុងកម្មវិធី, មុខងារឆាតក្នុងអេប (In-App Chat) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ឆាតនិងផ្ទេរប្រាក់ ក្នុងកន្លែងតែមួយប្រកបដោយសុវត្ថិភាព, និងមុខងារផ្សេងៗជាច្រើនទៀត។
ជារួម មុខងារទាំងនេះធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដែលមាន ចំនួនទឹកប្រាក់ច្រើន, ការពារទិន្នន័យនិងព័ត៌មានសម្ងាត់, ព្រមទាំងទប់ស្កាត់ការក្លែងបន្លំពីភាគីទីបី នៅតាមបណ្តាញសង្គមផ្សេងៗ។
ការបន្ថែមមុខងារថ្មីបំផុតក្នុង ABA Mobile គឺការប្រើប្រាស់ម៉ាស៊ីនសិក្សា (machine learning) ដើម្បីបង្កើត ណាវី (https://www.ababank.com/km/aba-news/meet-navi-abas-ai-powered-virtual-banking-assistant/) ដែលជាជំនួយការបញ្ញានិម្មិតធនាគារ (AI) ដំបូងគេក្នុងប្រទេសកម្ពុជា។ មុខងារ នេះត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់អតិថិជន តាមរយៈការឆ្លើយតបយ៉ាងឆាប់រហ័ស អំពីសំណួរ ទាក់ទងទៅនឹងធនាគារ ផលិតផល និងសេវាកម្មផ្សេងៗ។ ណាវី រង់ចាំបម្រើសេវា កម្មជូនអតិថិជន 24 ម៉ោងលើ24 ម៉ោង ហើយអាចសន្ទនាជាមួយបានជាច្រើនភាសាផងដែរ។
នៅក្នុងផ្នែកសាជីវកម្មវិញ កម្មវិធី ABA Merchant និងផ្លែតហ្វមធនាគារអនឡាញ ABA Business ក៏ត្រូវបានបង្កើនសមត្ថភាពផងតាមរយៈការដាក់បញ្ចូល នូវមុខងារថ្មីៗ ដែលទាក់ទាញម្ចាស់អាជីវកម្ម គ្រប់ទំហំ និងគ្រប់វិស័យនៃសេដ្ឋកិច្ច។
ស្ថាប័ន និងអង្គភាពរដ្ឋាភិបាលជាច្រើន ក៏បានប្រើប្រាស់សេវាកម្មរបស់ធនាគារ ABA ដើម្បីគ្រប់គ្រង ប្រតិបត្តិការហិរញ្ញវត្ថុ និងសម្រួលការទូទាត់ថវិការរដ្ឋដូចជា ការប្រមូលពន្ធ, ការបង់ថ្លៃទឹកភ្លើង, និងការទូទាត់វិក្កយបត្រផ្សេងៗទៀត។ ទំនួលខុសត្រូវដ៏សំខាន់នេះ បង្ហាញពីទំនុកចិត្តរបស់ស្ថាប័នរដ្ឋាភិបាល ចំពោះប្រតិបត្តិការដល់រលូនធនាគាររបស់ ABA។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានថ្លែងថា «យើងខ្ញុំមាន កិត្តិយសជាថ្មីម្តងទៀត ដែលបានទទួលពានរង្វាន់ ធនាគារឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្តី Global Finance។ ពានរង្វាន់នេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ចំពោះឧត្តមភាព និងនវានុវត្តន៍ភាពក្នុងវិស័យធនាគារ»។
លោកក៏បានបន្តថា «ផលិតផល និងសេវាកម្មរបស់ ABA បានកែប្រែនូវរបៀបដែលអតិថិជនប្រើប្រាស់ ហិរញ្ញវត្ថុរបស់ពួកគាត់។ ក្រោមការខិតខំប្រឹងរបស់ក្រុមការងារយើងខ្ញុំ ធនាគារ ABA បានបន្តពង្រឹង តួនាទីរបស់ខ្លួននៅក្នុងវិស័យធនាគារ និងកំណត់ស្តង់ដាថ្មី»។
លោក Joseph D. Giarraputo ជាស្ថាបនិក និងនិពន្ធនាយករបស់Global Finance បានថ្លែងថា «វិស័យធនាគារសកល បានបន្តសម្របខ្លួននិងវិវដ្ត ជួបបញ្ហាប្រឈម និងទាញយក ឱកាស ជាមួយនឹងភាពអត់ធន់ និងនវានុវត្តន៍ភាព។ ពានរង្វាន់ធនាគារឆ្នើមរបស់ Global Finance ទទួលស្គាល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលផ្តល់នូវសេវាកម្មទូលំទូលាយច្រើនប្រភេទ ប្រកបដោយទំនុកចិត្ត រយៈពេលវែង និងបច្ចេកវិទ្យានវានុវត្តន៍»។
ក្នុងការជ្រើសរើសធនាគារឆ្នើម Global Finance បានពិចារណាលើកត្តាដែលគិតលើទិន្នន័យតួរលេខជាក់លាក់ និងការវិនិច្ឆ័យផ្អែកលើទិន្នន័យទាំងអស់នោះ។ និពន្ធនាយករបស់ Global Finance បាន ធ្វើការជ្រើសរើសទាំងអស់បន្ទាប់ពីការពិគ្រោះយោបល់យ៉ាងហ្មត់ចត់ជាមួយនាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ ធនាគារិក អ្នកប្រឹក្សាធនាគារ និងអ្នកវិភាគទូទាំងពិភពលោក។
លើសពីនេះទៀត ធនាគារត្រូវបានលើកទឹកចិត្តឲ្យដាក់បញ្ចូនឯកសារដែលបង្ហាញពីការជ្រើសរើសរបស់ពួកគេ។ ម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំនេះ គឺប្រគល់ជូនធនាគារទាំងឡាយណា ដែលយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ លើតម្រូវការរបស់អតិថិជន និងសម្រេចបានលទ្ធផលលេចធ្លោជាងគេ ហើយ ថែមទាំងចាក់គ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។
សូមស្វែងរកការចេញផ្សាយ សេចក្តីប្រកាសព័ត៌មានផ្លូវការពី Global Finance (https://gfmag.com/award/press-release-worlds-best-bank-awards-2025-asia-pacific/) ដែលប្រកាសអ្នក ឈ្នះពាន ធនាគារឆ្នើមនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៥ ទីនេះ៕