(ណាប៉ូ)៖ អតីតខ្សែបម្រើ Manchester United គឺ Scott McTominay រកបាន ២គ្រាប់ម្នាក់ឯងតែម្តង ពេលម្ចាស់ផ្ទះពពកស Napoli បំបាក់ក្រុមភ្ញៀវ Torino ២-០ កាលពីរាត្រីថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥។

៣ពិន្ទុដ៏សំខាន់ក្នុងដីនេះដែរ បានរួមចំណែកជួយ Napoli ម្ចាស់ជើងឯកលីគកំពូលអ៉ីតាលី Serie A កាលឆ្នាំ២០២២-២០២៣ មួយនេះ ឡើងឈរទីកំពូលតារាងវិញ និងនាំមុខជើងឯកចាស់ Inter Milan ៣ពិន្ទុផងដែរ មុនពេលលេង ៤ប្រកួតទៀតបិទរដូវកាល។

២គ្រាប់របស់កីឡាករអន្តរជាតិស្កុតឡេន McTominay គឺកើតឡើងនៅនាទីទី៧ និងនាទី៤១ ដោយកើនបាន ៥គ្រាប់ផងដែរ ក្នុងចំណោម ៣ប្រកួតចុងក្រោយរបស់គេជាមួយ Napoli ស្ថិតក្រោមការបង្វឹកដោយលោក Antonio Conte។

Napoli កំពុងឈរកំពូលតារាង Serie A 2024-25 ជាមួយនឹង ៧៤ពិន្ទុ ក្រោយលេងបាន ៣៤ប្រកួត ស្របពេលក្រុមលេខ២ Inter Milan បានចាញ់ ៣ប្រកួតចុងក្រោយគ្រប់កម្មវិធី ដោយគ្មានគ្រាប់ស៊ុតសោះ និងមាន ៧១ពិន្ទុក្នុងដៃ៕