(បរទេស)៖ លោក Carlo Ancelotti នឹងមានកិច្ចសន្យាជំហ៊ានដំបូងរយៈពេល ១ឆ្នាំ ប្រសិនជាចូលទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល នៅខែមិថុនាខាងមុខនេះ ខណៈអ្នកចាត់ការរូបនេះ គឺស្ថិតក្នុងគោលដៅចាកចេញពី Real Madrid ខណៈកិច្ចសន្យានេះនឹងមានរហូតដល់ចុងបញ្ចប់នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ។ នេះបើតាមរយៈការចេញផ្សាយដោយ The Athletic នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ។
គ្រូបង្វឹកសញ្ជាតិអ៉ីតាលី Ancelotti មានវ័យ ៦៥ឆ្នាំ ក៏កំពុងស្ថិតក្នុងកិច្ចសន្យាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៣ ក៏ប៉ុន្តែប្រភពពីកន្លែងហ្វឹកហាត់ដែលនិយាយថា រូបលោកបានជូនដំណឹងដល់សមាជិកក្រុម នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់អំពីចេតនាមួយរបស់គាត់ ក្នុងការចាកចេញពីក្លិប។
រំលឹកផងថា បើតាមរបាយការណ៍នៅថ្ងៃទី១៩ ខែមេសានេះ លោក Ancelotti ត្រូវបានគេរំពឹងថានឹងចាកចេញពីទីក្រុង Madrid បន្ទាប់ពីក្លាយជាជម្រើសដ៏សំខាន់របស់ក្រុមជម្រើសជាតិប្រេស៊ីល ដែលសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) មានការចាប់អារម្មណ៍ជាយូរមកហើយលើគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ជាបុគ្គលក្នុងក្តីសុបិនរបស់ប្រធានា (CBF) លោក Ednaldo Rodrigues ។
ជាមួយនឹងជម្រើសអ្នកចាត់ការថ្មីរបស់ប្រេស៊ីល លោក Jorge Jesus ដែលកំពុងដឹកនាំក្រុម Al-Hilal ក៏ស្ថិតក្នុងបញ្ជីសម្រាំងផងដែរ ដែលស្ថាប័ន CBF មានគោការណ៍តែងតាំងគ្រូថ្មីឱ្យបានមុនពេលការប្រកួត FIFA Club World Cup ចាប់ផ្តើមនៅខែមិថុនា ជាមួយនឹងប្រេស៊ីល ក៏ចាប់ផ្តើមបន្តលេងវគ្គជម្រុះ World Cup 2026 តំបន់ CONMEBOL ក្នុងខែនោះផងដែរ ៕