(ភ្នំពេញ)៖ មន្ដ្រីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រំពឹងការបង្កើតព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្ដរជាតិច្រើន នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលលើសពីកីឡាករ-កីឡាការិនី ពោលគឺរួមទាំងគ្រូបង្វឹក មន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាលផងដែរ។
នេះបើតាមការលើកឡើងរបស់លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន T.Y Media និង Khmer Beverages ក្នុងការបង្កើតព្រឹត្តិការណ៍ Vikingz Warrior Mekong International 2025 លើវិញ្ញាសា Mobile Legends: Bang Bang លើកដំបូង ដែលនឹងមានអត្តពលិក ៤ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ និងឡាវ។
លោកបន្ដថា «ការប្រកួតនេះ ស្របតាមផែនការអភិវឌ្ឍន៍របស់សហព័ន្ធ ដែលចង់ឲ្យមានការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស រួមមានគ្រូបង្វឹក កីឡាករ កីឡាការិនី មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ជាពិសេសស្របតាមស្មារតីអង្គប្រជុំរវាងសហព័ន្ធកីឡាអេឡិចត្រូនិកតាមបណ្តាប្រទេសដងទន្លេមេគង្គ ដែលធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការរួមមានដូចជាការប្រកួត ការហ្វឹកហាត់ និងផ្លាស់ប្តូរបទពិសោធន៍ជាដើម»។
ជាមួយគ្នាអ្នកឧកញ្ញ៉ា លាង ម៉េង ក្នុងនាមសហស្ថាបនិកក្រុមហ៊ុន Khmer Beverages បានបង្ហាញពីមោទន ដែលបានចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុន T.Y Media សម្រាប់ដំណើរដ៏វែងឆ្ងាយក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយក៏មានការប្តេជ្ញាយ៉ាងមុតមាំ បន្តអភិវឌ្ឍន៍វិស័យមួយនេះឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀតដោយនាំមកនូវព្រឹត្តិការណ៍ Esports ផ្សេងៗជាច្រើនទៀតមកកាន់ប្រទេសកម្ពុជា។
លើសពីនេះ អ្នកឧកញ៉ាក៏បានប្រកាសឧបត្ថម្ភជាថវិការបន្ថែម ២ម៉ឺនដុល្លារ ប្រសិនអត្តពលិកកីឡាអេឡិចត្រូនិចកម្ពុជាឈ្នះមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ នេះផងដែរ៕