(បរទេស)៖ កម្មវិធីបញ្ញាសិប្បនិមិត្តរបស់ចិន DeepSeek ត្រូវបានរាយការណ៍មកថា អាចប្រើប្រាស់បានវិញជាលើកដំបូងនៅថ្ងៃចន្ទសប្តាហ៍នេះ ក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីផ្អាករយៈពេល២ខែ។ ខណៈដំបូងឡើយកម្មវិធីនេះត្រូវបានផ្អាក បន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូងលើកឡើងពីការបំពានច្បាប់ការពារទិន្នន័យឯកជនភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា DeepSeek បានផ្ទេរទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត នៅពេលដែលវាបានចាប់ផ្តើមដំណើរការដំបូងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងខែមករា។ បន្ទាប់មក ការទាញយកកម្មវិធីនេះ ត្រូវបានផ្អាកនៅក្នុងខែកុម្ភៈ បន្ទាប់ពីមានសំណួរទាក់ទងនឹងការការពារទិន្នន័យផ្ទាល់ខ្លួន រហូតមកទល់ពេលនេះទើបទាញយកកម្មវិធីនេះបានវិញម្តងទៀត រួមទាំងតាមរយៈ App Store របស់ Apple និង Google Play Store ។ DeepSeek បានប្រកាសនៅក្នុងកំណត់ត្រាគោលនយោបាយឯកជនភាពរបស់ខ្លួនថា «យើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយអនុលោមតាមច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនរបស់ប្រទេសកូរ៉»។ DeepSeek បានប្រកាសបន្ថែមថា អ្នកប្រើប្រាស់មានជម្រើសក្នុងការបដិសេធ ពោលមិនអនុញ្ញាតឱ្យផ្ទេរព័ត៌មានផ្ទាល់ខ្លួនទៅកាន់ក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។
តែយ៉ាងណា សម្រាប់ព័ត៌មានបន្ថែមទៀត DeepSeek មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេគិតត្រឹមថ្ងៃចន្ទនេះ៕