(លីវើភូល)៖ ក្រុមបាល់ទាត់ Liverpool បានប្រកាសយកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃប្រារព្វពិធីដង្ហែពានលីគកំពូលអង់គ្លេស Premier League 2024-25 ឱ្យបានអធិកអធមនៅជុំវិញទីក្រុង Liverpool តែម្តង។
តាមរយៈជ័យជម្នះ ៥ទល់នឹង១ របស់ពួកគេទៅលើគូប្រជែង Tottenham Hotspur នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នាំឱ្យក្រុមហង្សក្រហមមួយនេះបានក្លាយជាជើងឯក Premier League នារដូវកាលនេះតែម្តង ដែលជាលើកទី២ ត្រឹមរយៈពេល ៥ឆ្នាំ និងតាមទាន់កំណត់ត្រាឈ្នះបាន ២០លើកច្រើនជាងគេរបស់ Manchester United។
ពួកគេនឹងរៀបចំក្បួន និងឡានក្រុងដឹកពាន រួមទាំងកីឡាករ ដើម្បីដង្ហែជុំវិញទីក្រុង Liverpool តែម្តងនាចុងខែឧសភាខាងមុខ។
ជាមួយគ្នានោះ អ្នកគាំទ្ររាប់ពាន់នាក់ត្រូវបានរំពឹងថា នឹងចូលរួមអបអរសាទរនៅតាមដងផ្លូវជាមួយនឹងពួកគេដែរ ដែលមានលោក Arne Slot ដឹកនាំរហូតដល់ឈ្នះពានលំដាប់កំពូលអង់គ្លេសនេះ នៃរដូវកាលដំបូងរបស់លោក ដែលចូលកាន់តំណែងនៅ Anfield តពីលោក Jurgen Klopp ដែលបានលាឈប់នោះ៕