(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័នអ៊ីម៉ីលេជិន(E-Mei Legend) ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំបំផុតកម្រិត Top3 របស់ចិន បានចុះអនុស្សារណៈយោគយល់គ្នា(MOU) លើកិច្ចសហការរៀបចំការប្រកួតទាំងនៅកម្ពុជា និងចិន ក៏ដូចជាជំរុញការផ្សារភ្ជាប់កីឡា សិល្បៈ វប្បធម៌ និងទេសចរណ៍គ្នាទៅវិញទៅមកទៀតផង។

ការចុះ MOU នេះ ធ្វើឡើងក្នុងឱកាសលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំប្រតិភូ ធ្វើដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ស្ថាប័ន E-Mei Legend នៅទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

ដំណើរទស្សនកិច្ចនេះដែរ ភាគីទាំងពីរ បានជួបពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុទ្ធគុនចិន និងគុនខ្មែរ លើសហការរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរនៅប្រទេសកម្ពុជា និងប្រទេសចិន ក៏ដូចជាការផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ផ្លាស់ប្តូរបច្ចេកទេសបទពិសោធន៍ ការអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រកីឡា ព្រមទាំងជំរុញការផ្សារភ្ជាប់កីឡា សិល្បៈវប្បធម៌ និងទេសចរណ៍ទៅវិញទៅមក ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរប្រទេសទាំងពីរ។

ជាលទ្ធផល លោក ខូវ ឆាយ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយស្ថាប័ន E-Mei Legend ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគ និងទេសចរណ៍ ។ ការចុះ MOU នេះ ក៏មានការអញ្ជើញចូលរួមជាសក្ខីភាពពីអភិបាលក្រុងផឹងចូវ ចំណុះក្រុងឆឹងទូ នៃខេត្តស៊ីឈួន និងមន្ដ្រីជាន់ខ្ពស់ជាច្រើនទៀតផង។

បន្ថែមលើនេះ ដើម្បីបង្ហាញពីទំនាក់ទំនងយូរអង្វែង ស្ថាប័ន E-Mei Legend ក៏បានស្នើសុំបង្កើតក្លិបប្រដាល់គុនខ្មែរទី១ នៅទីក្រុងឆឹងទូ ដែលត្រៀមនឹងប្រកាសចាប់ផ្តើមដំណើរការនៅខែសីហា ឆ្នាំ២០២៥ ខាងមុខផងដែរ៕