(បរទេស)៖ ក្រុមហ៊ុន Amazon នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ ​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​អ៊ីនធឺណិត Kuiper ដំបូង​របស់​ខ្លួន​ឡើង​លើ​លំហ ​បន្ទាប់​ពីបានពន្យារពេល​​​​​​ដោយ​សារ​កត្តាអាកាសធាតុ​​។ រ៉ុក្កែត United Launch Alliance (ULA) បាញ់បង្ហោះផ្កាយរណប Kuiper ចំនួន ២៧ គ្រឿង ឡើងលើលំហអាកាសចេញពីកន្លែងបាញ់បង្ហោះនៅស្ថានីយ៍ Cape Canaveral Space Force ក្នុងរដ្ឋ Florida ភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។

លោក Caleb Weiss ដែលជាវិស្វករនៅ ULA បាននិយាយនៅលើការផ្សាយផ្ទាល់បន្ទាប់ពីការបាញ់បង្ហោះថា «យើងមានការរាប់ថយក្រោយយ៉ាងរលូន អាកាសធាតុដ៏ល្អ ការចុះចតសមប្រកប ហើយ Atlas V កំពុងធ្វើដំណើរទៅកាន់គន្លងដើម្បីយកផ្កាយរណប Kuiper ទាំង ២៧គ្រឿងនោះ ទៅគន្លងផ្លូវរបស់វា ហើយនេះពិតជាការចាប់ផ្តើមយុគសម័យថ្មីក្នុងការតភ្ជាប់អ៊ីនធឺណិត»។ ផ្កាយរណបនេះ ត្រូវបានគេរំពឹងថា នឹងបំបែកចេញពីគ្រាប់រ៉ុក្កែតដែលមានចម្ងាយប្រហែល ២៨០ម៉ាយពីលើផ្ទៃផែនដី ដែលនៅចំណុចនោះ Amazon នឹងរកមើលថាពិតជាជោគជ័យ ដើម្បីបញ្ជាក់ថាផ្កាយរណបអាចដំណើរការដោយឯករាជ្យ និងទំនាក់ទំនងជាមួយបុគ្គលិករបស់ខ្លួននៅលើដី។

រំលឹកទៅកាលពីប្រាំមួយឆ្នាំមុន Amazon បានបង្ហាញផែនការរបស់ខ្លួនក្នុងការបង្កើតក្រុមផ្កាយរណបអ៊ីនធឺណិត ដែលមានឈ្មោះថា Project Kuiper ។ គម្រោងនេះត្រូវបានគេមើលឃើញថា នឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយ Starlink របស់កំពូលមហាសេដ្ឋី Elon Musk ដែលបច្ចុប្បន្នគ្រប់គ្រងទីផ្សារ និងមានផ្កាយរណបចំនួន ៨,០០០ នៅក្នុងគន្លងតារាវិថី។ បេសកកម្ម Kuiper លើកដំបូងចាប់ផ្តើមនូវអ្វីដែលនឹងត្រូវការ ដើម្បីក្លាយជាការបើកដំណើរការប្រកបដោយស្ថិរភាព ដើម្បីឱ្យក្រុមហ៊ុន Amazon បំពេញតាមកាលកំណត់ដែលកំណត់ដោយគណៈកម្មការទំនាក់ទំនងសហព័ន្ធ។ ទីភ្នាក់ងារនេះរំពឹងថា ក្រុមហ៊ុននឹងមានពាក់កណ្តាលនៃក្រុមតារានិករសរុបរបស់ខ្លួន ឬផ្កាយរណបចំនួន ១,៦១៨ ដែលកើនឡើងនៅលើលំហរអាកាសត្រឹមខែកក្កដា ឆ្នាំ២០២៦។

គួរជម្រាបថា ក្រុមហ៊ុន Amazon កំពុងចំណាយប្រាក់ចំនួន ១០ពាន់លានដុល្លារ ដើម្បីបង្កើតបណ្តាញផ្តាយរណបអ៊ីនធើណេត Kuiper ដោយសង្ឃឹមថានឹងចាប់ផ្តើមសេវាកម្មពាណិជ្ជកម្មសម្រាប់អ្នកប្រើប្រាស់ សហគ្រាស និងរដ្ឋាភិបាលនៅចុងឆ្នាំនេះ៕