(ភ្នំពេញ)៖ តាំងពីវគ្គជម្រុះតាមភូមិភាគ រហូតឆ្លងមកសមរភូមិតារាងបាល់ទះវគ្គផ្តាច់ព្រ័ត្រ ប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៧ថ្ងៃពេញ ពេលនេះម្ចាស់ពានប្រចាំរដូវកាលទី២ នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ Wurkz Special Volleyball Cup 4x4 បានទៅលើសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B រួមជាមួយនឹងប្រាក់រង្វាន់ ៧០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី២ Wurkz Special Volleyball Cup 4x4 Season 2 នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមជាមួយអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំថ្នាក់អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក-សមាជិការ នៃសហព័ទ្ធកីឡាបាល់ទះកម្ពុជា។

ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេសរដូវកាលទី២ បានរកឃើញម្ចាស់ជើងឯក និងម្ចាស់ពានឯកត្តជន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីពេលថ្មីៗនេះ។ ក្នុងនោះជ័យលាភីលេខ១ បានទៅលើសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់១, មេដាយមាស, និងប្រាក់រង្វាន់ចំនួន ៧០លានរៀល។ ជ័យលាភីលេខ២ បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ចំនួន ២០លានរៀល។ ជ័យលាភីលេខ៣ បានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ចំនួន ១២លានរៀល។ ជ័យលាភីលេខ៤ បានទៅលើក្លិបបាល់ទះខេត្តតាកែវ ទទួលបានប្រាក់រង្វាន់១ លានរៀល។

ចំណែកម្ចាស់ពានរង្វាន់ឯកត្តជនរួមមាន កីឡាករ ធី ម៉េងហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន «កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍» និង «កីឡាករវាយសេវាល្អជាងគេ», កីឡាករ កែវ ស្រេងលីហួរ មកពីសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានឯកត្តជន «កីឡាករលើកបាល់ល្អជាងគេ», កីឡារករ ជុក សោភា មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន «កីឡាករវាយប្រយុទ្ធល្អជាងគេ», និងកីឡាករ អ៊ុន ជីហាក់ មកពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានពានឯកត្តជន «កីឡាករធ្វើរនាំងល្អជាងគេ» រួមទាំងប្រាក់រង្វាន់១លានរៀល ក្នុង១ពានឯកត្តជន ពី ភេសជ្ជៈប៉ូវកម្លាំង វើក។

គួរបញ្ជាក់ផងដែរថា ក្រោមការឧបត្ថម្ភគាំទ្រមិនសំចៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេលពីររដូវកាលជាប់គ្នាមកនេះ សន្ទុះគាំទ្រនៃវិស័យកីឡាបាល់ទះកាន់តែកើនឡើង ជាពិសេសកំណើននៃយុវជនចុះឈ្មោះក្នុងរដូវកាលទី២ នេះតែម្តង ដែលជាហេតុធ្វើឲ្យអ្នកឧកញ៉ា លាង ម៉េង សម្រេចតម្លើងប្រាក់រង្វាន់រហូតដល់ ៧០លានរៀល សម្រាប់ម្ចាស់ជ័យលាភីវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាលថ្មីនេះ។ ជាពិសេស ដើម្បីជាការលើកទឹកចិត្ត ជម្រុញបន្ថែមក្នុងដំណើរហ្វឹកហាត់ ដើម្បីត្រៀមដណ្តើមជ័យលាភីលើឆាកអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង ប្រកាសផ្តល់មាស ២គីឡូ ដល់ក្រុមកីឡាករដែលដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។

វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម!។
វើក បង្កើនថាមពលឥតឈប់ឈរ!៕