(ភ្នំពេញ)៖ ក្រុមហ៊ុន Grab នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ មានមោទនភាព ក្នុងការប្រកាសភាពជាដៃគូរបស់ខ្លួន ជាមួយក្រុមហ៊ុន Executive Auto ដោយនាំយកនូវរថយន្តទំនើបៗ លំដាប់ខ្ពស់មកលើវេទិកា Grab។
កិច្ចសហការនេះ បង្កើតឡើងក្នុងគោលបំណងបំពេញតម្រូវការប្រកបដោយ ភាពចម្រុះសម្រាប់សហគមន៍ ដោយផ្តល់នូវជម្រើសមធ្យោបាយធ្វើដំណើរដ៏ធំទូលាយ និងបង្កើនបទពិសោធន៍ ធ្វើដំណើរអោយកាន់តែប្រសើរសម្រាប់អតិថិជន។ សេវាកម្ម «GrabExecutive» ដែលទើបចាប់ផ្តើមដំណើរការថ្មីនេះ នឹងនាំមកនូវរថយន្តទំនើបៗ លំដាប់ទី១ រួមជាមួយនឹងសេវាកម្ម លំដាប់ទី១ផងដែរ។
អ្នកដំណើរនឹងទទួលបាននូវអ្នកបើកបរពោលពេញ ដោយបទពិសោធន៍ វិជ្ជាជីវៈខ្ពស់ និងរថយន្តទំនើបលំដាប់ទី១ ដែលបំពាក់ដោយគ្រឿងបរិក្ខារ ដូចជាទឹកអប់ក្លិន ក្រអូប ទឹកបរិសុទ្ធ ក្រដាសជូតមាត់ ឆ័ត្រ និងធុងសំរាម ដែលធានានូវការធ្វើដំណើរដ៏ប្រណិត និងផាសុខភាព តាំងពីដើមដល់ចប់។
លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង ក្រុមហ៊ុន Grab បានថ្លែងថា «ការចាប់ដៃគូជាមួយ Executive Auto គឺជាការបោះជំហានទៅមុខប្រកបដោយមោទនភាព ក្នុងការផ្តល់ជូន ដល់អតិថិជន របស់យើងនូវបទពិសោធន៍ជិះរថយន្តទំនើប។ សេវាកម្ម GrabExecutive មិនត្រឹមតែមានភាពប្រណិត ប៉ុណ្ណោះទេ ពោលគឺបង្កើតនូវបទពិសោធន៍ ដែលប្រកបដោយផាសុកភាព ភាពស៊ីវីល័យ និងសេវាកម្មដែលមាន ការគិតគូយ៉ាងល្អិតល្អន់ ដើម្បីធ្វើឱ្យគ្រប់ការធ្វើដំណើរពោពេញដោយភាពរីករាយ»។
លោក ឡុង នីរ៉ុន ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Executive Auto បានថ្លែងថា «យើងខ្ញុំពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ចំពោះកិច្ចសហការយ៉ាងជិតស្និត ជាមួយក្រុមហ៊ុន Grab ដើម្បីផ្តល់នូវសេវាកម្មធ្វើដំណើរបែបប្រណិត ជូនដល់សាធារណជននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមាន បេសកកម្មចំបង គឺផ្តល់លទ្ធភាពជូនដល់អតិថិជន អាចទទួលបាននូវពិសោធន៍ក្នុងការ ធ្វើដំណើរប្រកបដោយ ភាពប្រណិត និងឯកជនដែលមិនធ្លាប់មាន ដោយមធ្យោបាយងាយស្រួលបំផុតតាមរយៈការប្រើប្រាស់ប្រព័ន្ធ សេវាកម្មធ្វើដំណើរមួយដ៏រឹងមាំ និងមានស្ថិរភាពរបស់ក្រុមហ៊ុន Grab។ យើងខ្ញុំនឹងផ្តល់ជូនពិសោធន៍ក្នុងការ ធ្វើដំណើរក្នុងកម្រិតប្រណិតខ្ពស់ដែលមិនធ្លាប់មាន»។
លោកបន្ដថា «សូមចូលរួមសាកល្បងទាំងអស់គ្នា! ចាប់ពីថ្ងៃទី០១ ខែឧសភា ខាងមុខនេះតទៅ អតិថិជនគ្រប់ៗរូប នឹងអាចមានលទ្ធភាពប្រើប្រាស់សេវាកម្មនេះ ហើយខ្ញុំជឿជាក់ យ៉ាងមុតមាំថាអតិថិជនគ្រប់ៗរូប ពិតជាសាកសម្យបំផុត ក្នុងការទទួលបានពិសោធន៍សេវាកម្មធ្វើដំណើរបែប ប្រណិតនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ការដាក់បញ្ជូលនូវរថយន្តទំនើបៗលំដាប់ខ្ពស់ នៅលើវេទិកា Grab បានបង្ហាញពីការបោះជំហានទៅមុខយ៉ាង សំខាន់ក្នុងបេសកកម្មរបស់ Grab ក្នុងការផ្តល់ជូននូវដំណោះស្រាយ មធ្យោបាយដឹកជញ្ជូនជាច្រើនប្រភេទ ដែលបម្រើដល់គ្រប់តម្រូវការទាំងអស់។ មិនថា ប្រើប្រាស់ក្នុងគោលបំណងអាជីវកម្ម ឬសម្រាប់ការកម្សាន្តឡើយ សេវាកម្ម GrabExecutive នឹងផ្តល់ជូននូវបទពិសោធ នៃការធ្វើដំណើរប្រកបដោយប្រណិតភាព និងទំនុកចិត្តខ្ពស់។
សម្រាប់ព័ត៌មានបន្ថែមអំពី GrabExecutive និងដើម្បីកក់សេវាកម្មធ្វើដំណើរបែបប្រណិត សូមចូលទៅកាន់តំណភ្ជាប់កម្មវិធីរបស់ Grab (Grab App)៕