(ភ្នំពេញ)៖ ក្នុងឱកាសអបអរគម្រប់ខួប ៣០របស់ខ្លួន ណាហ្គាវើលដ៍ មានសោមនស្សរីករាយចូលរួមលើកកម្ពស់ វប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរ ដោយរៀបចំការសម្តែងល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណបែបអូខេស្ត្រាដ៏អស្ចារ្យ។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ មានរយៈពេល ១ម៉ោង ១៥នាទីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA ដែលមានចំនួន ២.០០០ កៅអីនៅថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ។
ការសម្តែងនៅថ្ងៃទី៩ ខែឧសភា ២០២៥ ផ្តល់ជូនសម្រាប់អ្នកដែលមានសំបុត្រអញ្ជើញប៉ុណ្ណោះ រីឯការសម្តែងនៅថ្ងៃទី១០ ខែឧសភា ផ្តល់ជូនសម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរី ដោយតម្រូវឱ្យសាធារណជនអញ្ជើញទៅទទួលសំបុត្រ ឥតគិតថ្លៃចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការប្រគំតន្ត្រីដោយវង់តន្ត្រីយុវជនអង្គរ សមាគមសិល្បៈសុវណ្ណភូមិ និងសាលាគុនល្បុក្កតោជ័យតេជៈ។ បន្ថែមទៅលើការសម្តែងល្ខោនស្រមោលស្បែកធំ និងគុនល្បុក្កតោ វង់តន្ត្រីយុវជនអង្គរ នឹងផ្តល់ជូនការប្រគំតន្ត្រីមរតកសំនៀងប្រពៃណីខ្មែរផងដែរ។ ការសម្តែងល្ខោនស្រមោលស្បែកធំ នឹងផ្តល់ជាទស្សនីយភាពនៃសិល្បៈបុរាណខ្មែរ ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែងជាឈុតឆាកសាច់រឿង ខណៈការសម្តែងគុនល្បុក្កតោ នឹងបង្ហាញពីក្បាច់គុនបុរាណខ្មែរដែលមានស្នៀតប្រយុទ្ធ កម្លាំង និងកេរដំណែលវប្បធម៌ដ៏អស្ចារ្យ។
បន្ថែមអំពីក្រុមសម្តែងទាំង៣៖
វង់តន្ត្រីយុវជនអង្គរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជនជាតិជប៉ុនលោក ស៊ិនិឈិ មិណាមិ មានអ្នកសិល្បៈអាជីពប្រមាណ ៧០នាក់ និងដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និងលោក រ៉ម តារាវង្ស។ វង់តន្ត្រីនេះត្រូវបានគេស្គាល់តាមរយៈសមត្ថភាពប្រគំតន្ត្រីដ៏ពីរោះ និងការស្រឡាញ់វិស័យសិល្បៈដ៏ជ្រាលជ្រៅរបស់ពួកគេ។ សមាគមសិល្បៈសុវណ្ណភូមិ ដែលជាសមាគមសិល្បៈឯករាជ្យបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយទ្រទ្រង់វប្បធម៌ និងអរិយធម៌របស់ខ្មែរឱ្យស្ថិតស្ថេរ និងដឹកនាំដោយស្ថាបនិក លោកស្រី Delphine Kassem និងនាយកសិល្បៈ លោក ម៉ាន់ កុសល ដែលផ្តល់ឱកាសឱ្យអ្នកសិល្បៈខ្មែរអាចសម្តែង ប្រកបរបរចិញ្ចឹមជីវិត និងចែករំលែកជំនាញរបស់ពួកគេ។
សាលាគុនល្បុក្កតោជ័យតេជៈ គឺជាសាលាគុនល្បុក្កតោដំបូង ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៨ និងត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ២០២០។ គោលបំណងរបស់សាលាគុន គឺជួយអភិរក្សវប្បធម៌ខ្មែរ ដោយលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌តាមរយៈការចូលរួម និងចែករំលែកវប្បធម៌ខ្មែរជាមួយទស្សនិកជនជាតិ និងអន្តរជាតិ។
កម្មវិធីនៃព្រឹត្តិការណ៍ទាំងមូល៖
សាធារណជន អតិថិជន និងពុកម៉ែបងប្អូន នឹងទទួលបាននូវបទពិសោធន៍ដ៏សប្បាយរីករាយ ជាមួយការសម្តែងរបស់វង់តន្ត្រីយុវជនអង្គរ ឧបករណ៍ភ្លេងបុរាណ អ្នករបាំ និងក្រុមចម្រៀង។ ការសម្តែងនេះ រួមបញ្ចូលការរំឭកដឹងគុណដល់កេរដំណែលរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ សូមគោរពអញ្ជើញអ្នកដែលស្រឡាញ់វប្បធម៌ ក្បាច់គុន ការប្រគំតន្ត្រី និងសាធារណជនទូទៅ ចូលរួមទស្សនាការសម្តែងដ៏អស្ចារ្យឱ្យបានគ្រប់ៗគ្នា។
បន្ថែមអំពីការផ្តល់ជូនក្នុងឱកាសប្រារព្ធខួប ៣០ឆ្នាំរបស់ណាហ្គាវើលដ៍៖
ការសម្តែងនេះ គឺជាការសម្តែងទី១ ក្នុងចំណោមការសម្តែងធំៗចំនួន ៤ នៅសាលមហោស្រព NABA ដែលនឹងផ្តល់ជូនពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមអំពីការសម្តែង និងប្រូម៉ូសិនផ្សេងៗក្នុងឱកាសខួប ៣០ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០កន្លែង មណ្ឌលស្ប៉ាប្រណីត២ សាលមហោស្រព NABA ដែលមាន ២.០០០កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទី១ក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាពសូមទាក់ទងទៅកាន់៖ [email protected]៕