(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ ឆ្នាំ២០២៤/២៥ នៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ក្នុងជំនួបសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា ។ មុនការប្រកួតមកដល់ គេឃើញមានការផ្សព្វផ្សាយជាច្រើន ពាក់ព័ន្ធនឹងឱកាសគ្រងជើងឯករបស់ក្រុមព្រះខ័នរាជស្វាយរៀង បន្ទាប់ពីចប់ការប្រកួតនេះ តែគ្រូបង្វឹកលោក Pep Munoz ថា ក្រុមខ្លួនគឺផ្ដោតអារម្មណ៍លើការប្រកួត ជាងប្រធានបទ ដែលកំពុងជជែកលើបណ្ដាញសង្គម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជំនួបខាងលើ លោក Pep បានលើកឡើងថា «សម្រាប់យើង យើងដឹងហើយ មុនការប្រកួតនេះមកដល់ នៅក្នុងបរិយាកាសបណ្ដាញសង្គមផ្សេងៗ បាននិយាយពីជើងឯក តែបើនិយាយពីក្រុមផ្ទាល់ ទាំងកីឡករ ជាមួយគ្រូបង្វឹកក្នុងក្រុម គឺយើងផ្ដោតអារម្មណ៍លើការប្រកួត មានន័យថា យើងរក្សាដដែល ព្រោះមុនការប្រកួត យើងអត់អាចដឹងថាយើងទទួលបាន ៣ពិន្ទុទេ ទាល់តែយើងចូលដល់ការប្រកួត យើងលេងចប់ បានយើងដឹងថា យើងទទួលបាន ៣ពិន្ទុឬអត់?

អ៊ីចឹងក្នុងក្រុមឥលូវនេះ កីឡាករ គឺគាត់ចាប់ផ្ដើមប្រមូលអារម្មណ៍ និងផ្ដោតលើការប្រកួតមួយនេះ ដើម្បីធ្វើម៉េចលេងឲ្យបានល្អ រក្សាទម្រង់លេងឲ្យបានល្អ ហើយចាំមើលថាចប់ការប្រកួតតើយើងនឹងទទួលបានលទ្ធផលបែបណា? ខ្ញុំសង្ឃឹមថា ក្រោយចប់ការប្រកួត យើងនឹងសប្បាយរីករាយទាំងអស់គ្នា»។

គួរដឹងថា បច្ចុប្បន្នក្រុម Top-6 នៃលីគកំពូលកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃស្មើគ្នា ប៉ុន្ដែក្នុងនាមក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹម ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីលើកពាន ពោលប្រសិនបើពួកគេ អាចយកឈ្នះក្រុមភ្ញៀវណាហ្គាវើលដ៏ នៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ពួកគេនឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការ។ បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង រកបាន ៧០ពិន្ទុ ឈរកំពូលតារាង និងតាមពីក្រោយដោយភ្នំពេញក្រោន ទើបរកបាន ៦៣ពិន្ទុប៉ុណ្ណោះ។

ក្រឡេកទៅមើលប្រវត្តិជួបគ្នា ៣លើក ក្នុងលីគរដូវកាលនេះវិញ ណាហ្គាវើលដ៏ មិនទាន់ស្គាល់ឈ្នះ ឬស្មើព្រះខ័នរាជស្វាយរៀង ពោលគឺក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បានយកឈ្នះទាំង ៣លើក ជាមួយលទ្ធផល Clean Sheet ទៀតផង ដោយកាលពីព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ២-០ ទាំង ២ជើង មុនបន្ដយកឈ្នះ ៤-០ ក្នុងជំនួបជើងទី១ នៃដំណាក់កាលទី២ (Top-6) ។ ដូច្នេះចាំមើលល្ងាចនេះ ក្រុមលោក Pep អាចរក្សាជ័យជម្នះ ដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា ជាលើកទី៤ បានដែលឬទេ?