(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់អន្ដរជាតិ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅតៃវ៉ាន់ បានចាប់ផ្ដើមការប្រកួតជាផ្លូវការហើយ ដោយក្រុមវិសាខា របស់កម្ពុជា បានយកឈ្នះក្រុម MBSA Pelican របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ (សិត) នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ។

ក្នុងនាមក្រុមការពារតំណែងជើងឯក វិសាខា ធ្វើបានយ៉ាងល្អក្នុងជំនួបបើកឆាកពូលA ដោយយកឈ្នះ ៣សិតដាច់លើក្រុមមកពីម៉ាឡេស៊ី MBSA Pelican ជាមួយពិន្ទុ ២៥-២០, ២៥-១៧ និង ២៥-១៩ពិន្ទុ។

សម្រាប់ប្រកួតបន្ទាប់ វិសាខា នឹងត្រូវជួបក្រុម Taichung Bank របស់តៃវ៉ាន់ នាព្រឹកថ្ងៃទី១ ខែឧសភា និងចុងក្រោយជួបក្រុមជើងឯកលីគកំពូលកូរ៉េខាងត្បូង Hyundai Capital Skywalkers នាថ្ងៃទី២ ខែឧសភា ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ដ។

គួរដឹងថា ពានរង្វាន់ The Win Streak Volleyball Invitational 2025 នឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយមានក្រុមខ្លាំងៗ ៨ក្រុម មកពី ៦ប្រទេសចូលរួម រួមមានក្លិបបាល់ទះនៅកម្ពុជា កូរ៉េខាងត្បូង ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងម្ចាស់ផ្ទះតៃវ៉ាន់ជាដើម៕