(បរទេស)៖ រដ្ឋមន្ត្រីសម្របសម្រួលសម្រាប់ការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុម LG របស់កូរ៉េខាងត្បូង នៅតែប្តេជ្ញាចិត្តចំពោះប្រទេសឥណ្ឌូនេស៊ី ហើយនឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងរោងចក្រផលិតកោសិកាថ្មចំនួន ១.៧ ពាន់លានដុល្លារ ដោយបង្កើនការវិនិយោគសរុបក្នុងគម្រោងនេះដល់ ២.៨ ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
ការអត្ថាធិប្បាយពីរដ្ឋមន្ត្រី Rosan Roeslani ខាងលើ កើតមានឡើងបន្ទាប់ពីការបញ្ជាក់កាលពីសប្តាហ៍មុនថា ក្រុមហ៊ុន LG Energy Solution ឬ LGES បានដកខ្លួនចេញពីការបណ្តាក់ទុនមួយផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាគម្រោងមានតម្លៃ ៨.៤៦ ពាន់លានដុល្លារ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី ដោយលើកឡើងពីលក្ខខណ្ឌទីផ្សារ និងបរិយាកាសវិនិយោគ។ តាមរយៈការធ្វើសន្និសីទសារព័ត៌មាន លោកបាននិយាយដោយសំដៅទៅលើរោងចក្រថាមពលថ្មនៅ West Java ថា «ការប្តេជ្ញាចិត្តពីក្រុមហ៊ុន LG នៅតែធំ ជាឧទាហរណ៍ជាក់ស្តែងគឺថាពួកគេនឹងវិនិយោគក្នុងការអភិវឌ្ឍន៍ JV នេះ»។
គួរជម្រាបថា ក្រុមហ៊ុន LG កាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងបន្តការវិនិយោគរបស់ខ្លួននៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា HLI Green Power ដែលដឹកនាំដោយ LGES និង Hyundai Motor Group ។ LGES មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេនៅថ្ងៃអង្គារនេះ។ កាលពីឆ្នាំមុន JV បានសម្ពោធរោងចក្រផលិតកោសិកាថ្មដំបូងរបស់ប្រទេសឥណ្ឌូណេស៊ីដែលមានសមត្ថភាពប្រចាំឆ្នាំ 10 gigawatt ម៉ោង ហើយបាននិយាយថានឹងចាប់ផ្តើមការវិនិយោគជំហានទីពីរ។ មន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា ក្រុមហ៊ុន Zhejiang Huayou Cobalt របស់ប្រទេសចិន នឹងជំនួសក្រុមហ៊ុន LGES នៅក្នុងគម្រោងដែលបានដកចេញនេះ៕