(ស្វាយរៀង)៖ ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ ឈុនស៊ីង គ្រុប របស់ ឧកញ៉ា ហុង ឆេងឈុន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានបន្តរៀបចំពិធីសែនព្រេនក្រុងពាលី បុកគ្រឹះបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំទី៥ ឈ្មោះថា Chhun Xing Diamond ក្នុងគម្រោងមេ ឈុនស៊ីង ស៉ីធី (Chhun Xing City) ដែលមានទីតាំងស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

រយៈពេលជិត ២ ទសវត្សរ៍មកនេះ ក្រុមហ៊ុន ឈុនស៊ីង គ្រុប របស់ឧកញ៉ា ហុង ឆេងឈុន បាននឹងកំពុងរួមចំណែកកសាងសមិទ្ធផលធំៗ ក្នុងវិស័យសំណង់ និងអលចនទ្រព្យនៅកម្ពុជា។

ឧកញ៉ា ហុង ឆេងឈុន បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន ឈុនស៊ីង គ្រុប របស់លោកឧកញ៉ា បានប្រឡូកក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យអស់រយៈពេលជិត ២ទសវត្សរ៍ មកហើយ។ ក្នុងនោះ មានទាំងការអភិវឌ្ឍន៍គម្រោងបុរីផ្ទាល់ខ្លួន និងការទទួលម៉ៅការសាងសង់គម្រោងអចលនទ្រព្យ អាគាររដ្ឋបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន និងគម្រោងម៉ៅងការតូចធំផ្សេងៗទៀតជាច្រើន។

ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប រូបនេះបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ១ឆ្នាំ ២ខែមកនេះ ឈុនស៊ីង គ្រុប បានទទួលការសាងសង់រហូតដល់ ៥គម្រោង ក្នុងទឹកដីក្រុងបាវិត ខេត្តស្វាយរៀង។ ជាមួយគ្នានោះ ក្រុមហ៊ុន ក៏បានទទួលអនុវត្តការងារគម្រោងរបស់ស្ថាប័នរដ្ឋ ដោយបាននឹងកំពុងសាងសង់អគារស្នាក់នៅថ្មី របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតផងដែរ។

ស្ថាបនិកក្រុមហ៊ុនម៉ៅការសាងសង់វ័យក្មេងរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន មានកម្លាំងពលកម្ម ក៏ដូចជាផ្ដល់ការងារជូនប្រជាពលរដ្ឋរហូតដល់ ១,០០០នាក់ ហើយក្រុមហ៊ុនមានផែនការបើកគម្រោងបន្ថែមទៀត នាពេលអនាគត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន និងអ្នកវិនិយោគិនក្នុងវិស័យសំណង់នៅកម្ពុជា។

សូមជម្រាបថា ឈរជើងក្នុងវិស័យសំណង អស់រយៈពេលជាង ២ ទសវត្សរ៍នៅកម្ពុជា ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប បានផ្ដល់ការងារទាំងផ្ទាល់ និងប្រយោល ដល់ប្រជាពលរដ្ឋរាប់ពាន់ រាប់មុឺននាក់ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍វិស័យ បង្កើនឡើងដោយកូនខ្មែរមួយនេះ បានពង្រីកខ្លួន និងមានគម្រោងបុរីផ្ទាល់ខ្លួន រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀត ដូចជា៖ បុរី ឈុនទីន, គម្រោង ឈុនស៊ីង ស៊ីធី នៅក្រុងបាវិត , ក្រុមហ៊ុនទទួលសាងសង់ ឈុនស៊ីង ខុនស្ត្រាក់សិន, គម្រោងបុរី ឈុនទីន ក្រុងច្បារមនខេត្តកំពង់ស្ពឺ, គម្រោង ឈុន ស៊ីង Silver, ឈុនស៊ីង Platinum, ឈុនស៊ីង Golden និងគម្រោង ឈុនស៊ីង diamond ជាដើម ។

បច្ចុប្បន្ន ឧកញ៉ា ហុង ឆេងឈុន ក៏ជាប្រធាននៃសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CEADS) ដែលប្រមូលផ្ដុំទៅដោយសមាជិកជាសហគ្រិនវ័យក្មេងជាច្រើននៅកម្ពុជា ។ លោកឧកញ៉ា បានចាប់ផ្ដើមតស៊ូក្នុងការងារក្នុងវិស័យសំណង់នេះ តាំងពីធ្វើជាមេការសំណង់ និងបន្តអភិវឌ្ឍន៍ខ្លួន ក្នុងវិស័យក្លាយជាស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប ដែលកំពុងទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបណ្តាខេត្តមួយចំនួនទៀត៕