(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន Wu Lin Feng ដែលជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំជាងគេទី១ នៅប្រទេសចិន បានឈានដល់កិច្ចសហការ និងកំពុងសិក្សាក្នុងការសហវិនិយោគរៀបចំបង្កើតសង្វៀនប្រកួតកម្រិតស្ដង់ដារពិភពលោកមួយនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ដើម្បីរៀបចំការប្រកួត ដោយមានកីឡាករខ្លាំងៗមកពីជុំវិញពិភពលោកចូលរួម។

នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីលោកបានដឹកនាំប្រតិភូគុនខ្មែរ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយបានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយស្ថាប័ន Wu Lin Feng តំណាងដោយប្រធានក្រុមប្រឹក្សាភិបាលលោក Shi Qing នៅទីក្រុង ZhengZhou ខេត្ត HeNan កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

ប្រធានសហព័ន្ធខាងលើ បញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន Wu Lin Feng ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រព្រឹត្តិការណ៍កីឡាយុទ្ធគុន និងការផ្លាស់ប្តូរវប្បធម៌ វិនិយោគនិងទេសចរណ៍។

លោកបន្ថែមទៀតថា «កិច្ចសហប្រតិបត្តិការរវាងគុនខ្មែរ និង Wu Lin Feng នឹងឈានដល់ការសិក្សាក្នុងការសហវិនិយោគរៀបចំបង្កើតសង្វៀនប្រកួតកម្រិតស្តង់ដាពិភពលោកមួយនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ដើម្បីរៀបចំការប្រកួតកម្រិតពិភពលោក ដោយមានកីឡាករមកពីគ្រប់ប្រទេស និងធ្វើការផ្សាយផ្ទាល់ទៅកាន់ប្រទេសចិន និង ៥៥ប្រទេសផ្សេងទៀតលើសកលលោក»។

តាមរយៈកិច្ចសហការជាបន្ដបន្ទាប់ ជាមួយស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាយុទ្ធគុនធំៗប្រចាំសាធារណៈរដ្ឋប្រជាមានិតចិននេះ សបញ្ជាក់ឲ្យឃើញថា គុនខ្មែរកំពុងតែបោះជំហ៊ានដ៏ធំមួយទៀត ទៅកាន់ឆាកអន្តរជាតិ ហើយបណ្ដាអ្នកគាំទ្រ ក៏បានសម្ដែងនូវការពេញចិត្ត និងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកផងដែរ។

គួរដឹងថា ស្ថាប័ន Wu Lin Feng គឺជាស្ថាប័នរៀបចំការប្រកួតកីឡាយុទ្ធគុនដ៏ធំជាងគេទី១ របស់ចិន ដែលទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលចិន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនកម្រិតជាតិ និងអន្តរជាតិនានា ហើយ Wu Lin Feng ក៏ជាដៃគូសហការរបស់ស្ថាប័នធំៗជាច្រើន ដូចជាស្ថាប័ន K1, UFC, WCK និង One Championship ជាដើម ដែលបាននឹងកំពុងរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុននៅគ្រប់ខេត្តក្រុងក្នុងប្រទេសចិន ក៏ដូចជាទូទាំងសកលលោកទៀតផង៕