(ភ្នំពេញ)៖ លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានសម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាព ដែលក្រុមខ្លួន បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាថ្មី ហើយលោកថា ពិតជាស័ក្ដិសម បន្ទាប់ពីក្រុមខ្លួន បានឆ្លងកាត់ស្ថានភាពដ៏លំបាកមួយចំនួន។

ក្រោយដឹកនាំក្រុមយកឈ្នះក្រុមណាហ្គាវើលដ៏ ២-១ ក្នុងជំនួបសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា កាលពីយប់មិញ ដែលជាជ័យជម្នះជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកមុនបញ្ចប់រដូវកាល លោក Pep ថា វាមិនមែនជារឿងងាយស្រួលឡើយ ហើយលោកបានស្ងើចសរសើរពីការតស៊ូរបស់ក្រុម ដែលព្យាយាមរហូតរកបានគ្រាប់ជ័យជម្នះនៅចុងម៉ោង។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដដែលបន្ដថា «ទាំងកីឡាករ និងគ្រូបង្វឹក គឺមិនងាយស្រួលទេ ដែលយើងឈ្នះពានរង្វាន់មួយនេះ បានន័យថា ពិបាកមែនទេ ក្នុងការឈ្នះពាននេះ តែយើងស័ក្ដិសមនឹងទទួលវា»។

លោកបន្ថែមថា «នៅក្នុងរដូវកាលនេះ ពួកយើងមានស្ថានភាពមួយមិនសូវល្អ គឺស្ថានភាពដែលពិបាកមួយចំនួន ដូចជាការលេងនៅភ្នំពេញក្រោន ហើយយើងយកឈ្នះនៅទីនោះ ។ ជាពិសេសមួយទៀត ការប្រកួតរបស់យើង ៣ថ្ងៃប្រកួតម្ដង ជួនកាលប្រកួតថ្ងៃពុធ ហើយប្រកួតថ្ងៃសៅរ៍ ហើយប្រកួតថ្ងៃអាទិត្យទៀត ។ អ៊ីចឹងខ្ញុំសឹងតែមិននឹកស្មាន សឹងមិនជឿថា ក្រុមរបសយើងអាចធ្វើបាន ។ ចុងក្រោយខ្ញុំសូមអបអរសាទរទៅកាន់តក្រុមទាំងមូល អ្នកគាំទ្រនៅស្វាយរៀង និងថ្នាក់ដឹកនាំទាំងអស់»។

គួរដឹងថា ក្រោយយកឈ្នះក្រុមណាហ្គាវើលដ៏ កាលពីយប់មិញ បានធ្វើឲ្យពិន្ទុក្រុមព្រះខ័នរាជស្វាយរៀង កើនដល់ ៧៣ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខ២ និងសល់ ៣ប្រកួតក្នុងដៃ រហូតដល់ ១០ពិន្ទុ ។ លទ្ធផលនេះ នាំឲ្យក្រុមការពារតំណែងជើងឯកឆ្នាំចាស់ បន្ដគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ដោយស្វ័យប្រវត្ដិ ទោះបីពួកគេនៅសល់ ២ប្រកួតក្នុងដៃទៀតក៏ដោយ៕