(បរទេស)៖ ក្រុមហ៊ុន Amazon បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងបោះទុនជាង ៤ ពាន់លានដុល្លារដើម្បីពង្រីកបណ្តាញចែកចាយនៅតាមជនបទនៅសហរដ្ឋអាមេរិកក្នុងអំឡុងចុងឆ្នាំ ២០២៦ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី០១ ​ខែឧសភា ឆ្នាំ២០២៥។

Amazon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះមានគោលបំណងពង្រីកទំហំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមជនបទរបស់ខ្លួនដល់ទៅ ៣ ដង និងលឿនជាងមុន ដោយពង្រីកវាទៅកាន់ស្ថានីយ៍ចែកចាយជាង ២០០ និងបង្កើតការងារប្រមាណ ១០០,០០០ ដែលជាក្រុមហ៊ុនមួយក្នុងចំណោមនិយោជកឯកជនធំជាងគេនៅសហរដ្ឋអាមេរិក។ Amazon បានបន្តទៀតថា «នៅពេលដែលការពង្រីកនេះត្រូវបានបញ្ចប់ បណ្តាញរបស់យើងនឹងអាចផ្តល់កញ្ចប់លើសពីមួយពាន់លានបន្ថែមទៀតជារៀងរាល់ឆ្នាំដល់អតិថិជនដែលរស់នៅក្នុងលេខកូដតំបន់ជាង ១៣,០០០ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ១,២០០,០០០ ម៉ាយការ៉េ»

គួរជម្រាបថា សម្រាប់កន្លែងថ្មីនីមួយៗដែលបើក ក្រុមហ៊ុន Amazon ប៉ាន់ប្រមាណថាជាមធ្យមការងារប្រហែល ១៧០ នឹងត្រូវបានបង្កើតនៅស្ថានីយ៍ដឹកជញ្ជូន។ ទន្ទឹមនឹងនេះ កាលពីដើមខែនេះ Bloomberg News បានរាយការណ៍ថា Amazon កំពុងពិចារណាលើផែនការពង្រីកឃ្លាំងចំនួន ១៥ ពាន់លានដុល្លារសម្រាប់កន្លែងដឹកជញ្ជូនថ្មីប្រហែល ៨០ នៅក្នុងទីក្រុង និងតំបន់ជនបទរបស់សហរដ្ឋអាមេរិក៕