(តៃវ៉ាន់)៖ ក្រុមបាល់ទះវិសាខា របស់កម្ពុជាបរាជ័យក្នុងប្រកួតទី២ ពូលA នៃពានរង្វាន់អន្ដរជាតិ Win+Streak Volleyball Invitation (WSVI) Tournament 2025 ដោយប្រកួតទី២ បានលេងចាញ់ក្រុមខ្លាំង Chinese Taipei Men's Volleyball Team for FISU (TPE-2) របស់ម្ចាស់ផ្ទះតៃវ៉ាន់ ដោយលទ្ធផល ៣-២ (សិត) នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នេះ ។ ខណៈក្រុមខ្លាំងរបស់កម្ពុជា ត្រូវការឈ្នះនៅប្រកួតទី៣ ដើម្បីមានឱកាសឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត ។
ជំនួបដ៏តានតឹងនេះ ប្រកួតសិតទី១ វិសាខា បានយកឈ្នះ ២៥-២០ពិន្ទុ តែចូលសិតទី២ ក្រុម TPE-2 បានវាយបកយកឈ្នះមកវិញ ២៧-២៥ពិន្ទុ មុនវិសាខា វាយបកយកនាំជាថ្មីពីលទ្ធផលឈ្នះ ២៧-២៥ពិន្ទុក្នុងសិតទី៣ គ្រាដែលសិតទី៤ ក្រុមរបស់ម្ចាស់ផ្ទះតៃវ៉ាន់ ក៏បានយកឈ្នះ ២៥-២១ពិន្ទុ ដែលនាំឲ្យការប្រកួតឈានដល់សិតទី៥ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះ ហើយជាលទ្ធផលក្រុម TPE-2 ក្នុងបានពិន្ទុ ១៥-១២។
ការបរាជ័យនេះបានធ្វើឲ្យក្រុមបាល់ទះវិសាខា ទទួលបាន ១ពិន្ទុ ដើម្បីឈរលេខ២ ក្នុងពូលA បណ្ដោះអាសន្ន ក្រោយប្រកួតដំបូងបានយកឈ្នះក្រុម MBSA Pelican របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ (សិត) គ្រាដែលក្រុម TPE-2 របស់តៃវ៉ាន់ រកបាន ៥ពិន្ទុ ឈរកំពូលតារាងបណ្ដោះអាសន្ន ។
សូមជម្រាបថា តែយ៉ាងណាក្រុមវិសាខា របស់កម្ពុជា នៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមជើងឯកលីគកំពូលកូរ៉េខាងត្បូង Hyundai Capital Skywalkers នាថ្ងៃទី០២ ខែឧសភានេះ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅកោះតៃវ៉ាន់នេះ ៕