(ភ្នំពេញ)៖ វិទ្យាស្ថានស៊ីអ៊ីអូ បានរៀបចំពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងយុវសហគ្រិនវ័យក្មេងជាង៦០នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិបានដោយជោគជ័យ ខណៈអ្នកខ្លះបានក្លាយជាម្ចាស់អាជីវកម្ម និងអ្នកខ្លះទៀតបានក្លាយជាថ្នាក់ដឹកនាំវ័យក្មេងនៅក្នុងក្រុមហ៊ុននានា។
ពិធីប្រគល់សញ្ញាបត្រនេះ បានរៀបចំឡើងនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោកបណ្ឌិត អោម សេង បូរ៉ា ស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស៊ីអ៊ីអូ, លោកស្រី សូ សេរីវឌ្ឍនា អគ្គនាយកានៃវិទ្យាស្ថានស៊ីអ៊ីអូ រួមនឹង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា តំណាងនិយោជក លោកគ្រូ អ្នកគ្រូ ក្រុមគ្រួសារ អាណាព្យាបាល និងនិស្សិតជំនាន់ទី៤និងទី៥ នៃវិទ្យាស្ថានស៊ីអ៊ីអូ សរុបប្រមាណជាង២៥០នាក់។
ថ្លែងនាឱកាសនេះ លោកស្រី សូ សេរីវឌ្ឍនា មានប្រសាសន៍ថា វិទ្យាស្ថានស៊ីអ៊ីអូ បានយកចិត្តទុកដាក់ជាសំខាន់ទៅគុណភាពនៃសិក្សា និងផ្តល់នូវកម្មវិធីសិក្សាខុសប្លែកពីសាលាដ៏ទៃ ដោយផ្តោតទៅលើការអនុវត្តជាចម្បង ពោលគឺរៀនទ្រឹស្តីក្នុងសាលា២០% និងអនុវត្តផ្ទាល់៨០%។ ការរៀនផង ធ្វើការផង ក្នុងពេលតែមួយ នឹងធ្វើឱ្យសិស្សចំណេញពេលវេលា។
លោកស្រីបន្ថែមថា កម្មវិធីសិក្សានេះ នឹងធ្វើឱ្យនិស្សិត មានជំនាញច្បាស់លាស់ មិនត្រឹមតែរៀនចប់មានការងារធ្វើទេ ប៉ុន្តែក៏អាចមានលទ្ធភាពបង្កើតការងារឱ្យអ្នកដទៃបានផងដែរ តាមរយៈការបង្កើតអាជីវកម្មដោយខ្លួនឯង។
លោកបណ្ឌិត អោម សេង បូរ៉ា បានសម្តែងការអបអរសាទរ និងការកោតសរសើរយ៉ាងខ្លាំងបំផុត ចំពោះប្អូនៗនិស្សិតវិទ្យាស្ថានស៊ីអ៊ីអូទាំងអស់ ដែលបានផ្តល់ភាពជាគម្រូ ក៏ដូចជានិម្មិតរូបនៃភាពរឹងមាំ និងភាពរីកចម្រើន ដ៏វិសេសវិសាលសម្រាប់យុវជនកម្ពុជា ដែលបានឆ្លងកាត់ការហ្វឹកហាត់បែបនវានុវត្តន៍នៃការអប់រំថ្មីមួយខុសគេ ដែលតម្រូវឱ្យប្អូនៗរៀនតាមរយៈការធ្វើការយកបទពិសោធន៍រកប្រាក់ចំណូលផង និង រៀនទ្រឹស្តីបែបអនុវត្តនៅក្នុងថ្នាក់ផង។
លោកមានប្រសាសន៍ថា តាមក្បួនរៀនអនុវត្តជាក់ស្តែង ៨០% និង រៀនទ្រឹស្តី ២០% គឺប្អូនៗពិតជាបានឆ្លងកាត់នូវការយកឈ្នះបញ្ហា ឧបសគ្គនិងការលំបាកជាច្រើន តែលទ្ធផលនៃភាពរឹងមាំ និង ភាពរីកចម្រើន ដែលប្អូនៗទទួលបានត្រឡប់មកវិញ គឺពិតជាមិនអាចកាត់ថ្លៃបាន ដែលនិស្សិតធម្មតាទូទៅរៀនតែទ្រឹស្តីក្នុងថ្នាក់មិនមានការអនុវត្ត កម្រនឹងមានឱកាសទទួលបានលទ្ធផលបែបនេះ។
លោកលោកគូសបញ្ជាក់ទៀតថា «ខ្ញុំសូមអនុញាតរំលឹកអំពីបុព្វហេតុនៃការបង្កើតកម្មវិធីសិក្សាបែបនវានុវត្តន៍ តាមក្បួនរៀនអនុវត្តជាក់ស្តែង ៨០% និង រៀនទ្រឹស្តី ២០% បន្តិច។ ការបង្កើតកម្មវិធីសិក្សាបែបនវានុវត្តន៍នេះឡើង គឺដោយសារតែខ្ញុំមើលឃើញថា ប្រទេសជាតិមួយខ្លាំង គឺអាស្រ័យលើមូលធនមនុស្សខ្លាំង ហើយមូលធនមនុស្សខ្លាំង គឺជាមូលធនមនុស្សដែលមានសមត្ថភាពធ្វើឱ្យមានលទ្ធផល មិនមែនមានសមត្ថភាពត្រឹមតែទ្រឹស្តីក្នុងថ្នាក់ទេ។ កាលពី១៥ឆ្នាំមុន ប្រទេសយើងកំពុងនៅក្នុងភាពក្រីក្រនៅឡើយ ខ្ញុំបានជួបជាមួយមិត្តជប៉ុនម្នាក់ គាត់បានបង្ហាញអំពីរបាយការណ៍របស់ ILO ដោយឃើញថាផលិតភាពការងារជាមធ្យមរបស់អ្នកធ្វើការខ្មែរ១៥នាក់ ស្មើនឹងផលិតភាពការងារជាមធ្យមរបស់អ្នកធ្វើការជប៉ុន១នាក់»។
នៅក្នុងពិធីអបអរសាទរប្រគល់សញ្ញាបត្រជូននិស្សិតនៅថ្ងៃនេះដែរ វិទ្យាស្ថានស៊ីអ៊ីអូ ក៏បានធ្វើការវាយតម្លៃទទួលស្គាល់ និងលើកទឹកចិត្តជាផ្លូវការដល់និស្សិតមួយចំនួន ដោយផ្តល់ជូននូវពានកិត្តិយសចំនួន១២ ដែលក្នុងនោះរួមមានពានផែនការអាជីវកម្មលេចធ្លោ ពានអ្នកដឹកនាំវ័យក្មេងឆ្នើម និងពានសហគ្រិនវ័យក្មេងឆ្នើម ដែលទាំងនេះគឺជាភស្តុតាង និង ការឆ្លុះបញ្ចាំងឱ្យឃើញថា កម្មវិធីសិក្សាបែបនវានុវត្តន៍របស់វិទ្យាស្ថានស៊ីអ៊ីអូ អនុវត្តជាក់ស្តែង ៨០% និង រៀនទ្រឹស្តី ២០% គឺពិតជាមានសក្តិសិទ្ធភាព និង ប្រសិទ្ធភាពខ្ពស់ក្នុងការជួយយុវជនឱ្យមានភាពរឹងមាំ និង រីកចម្រើនបានឆាប់រហ័សពិតប្រាកដមែន។
ដោយមានបំណងចង់ក្លាយជាសហគ្រិនដ៏ឆ្នើមមួយរូបនៅកម្ពុជា កញ្ញា សយ ចាន់ដេង បានសម្រេចចិត្តជ្រើសរើសមករៀននៅ វិទ្យាស្ថានស៊ីអ៊ីអូ។ និស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី៤ នៃវិទ្យាស្ថានស៊ីអ៊ីអូរូបនេះ បានបង្ហាញការគាំទ្រចំពោះកម្មវិធីសិក្សា អនុវត្តជាក់ស្តែង ៨០% និង រៀនទ្រឹស្តី ២០% ដែលធ្វើឱ្យនិស្សិតមានទាំងចំណេះ និងជំនាញ រៀនចប់មានការងារធ្វើ។
មានស្រុកកំណើតមកពីខេត្តតាកែវ និស្សិត ងួន លីហួរ បានលើកឡើងថា ការដែលខ្លួនជ្រើសរើសមកសិក្សានៅវិទ្យាស្ថានស៊ីអ៊ីអូ ដោយសាលានេះ បានផ្តល់នូវកម្មវិធីសិក្សាប្លែកពីគេ ជាពិសេសបានផ្លាស់ប្តូរផ្គត់គំនិតពីអវិជ្ជមានមកវិជ្ជមាន និងបណ្តុះឱ្យនិស្សិតក្លាយជាសហគ្រិនវ័យក្មេង។ ជាក់ស្តែងលោកផ្ទាល់ បានក្លាយជាម្ចាស់អាជីវកម្មទាំងវ័យក្មេងផងដែរ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថានស៊ីអ៊ីអូ៕