(ដូហា)៖ លោក Julen Lopetegui ដែលធ្លាប់ដឹកនាំក្រុមញញួរធំ West Ham United បាន ៦ខែផងនោះ ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃក្រុមជម្រើសជាតិកាតា ក្រោមកិច្ចសន្យាដល់ឆ្នាំ២០២៧។
វាមានរយៈជិត ៤ខែផងដែរ បន្ទាប់បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៥៨ឆ្នាំរូបនេះទំនេរពីការងារបង្វឹក ក្រោយពេល West Ham ដកតំណែង។
គោលដៅចំបងរបស់លោក Lopetegui គឺដឹកនាំប្រទេសម្ចាស់ផ្ទះ World Cup 2022 ក្នុងការស្វែងរកកៅអីទៅលេង World Cup នាឆ្នាំក្រោយនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥។
កន្លងមកលោក Lopetegui ក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ នាអំឡុងឆ្នាំ២០១៦ និងត្រូវបានដកតំណែង មុនពេល ២ថ្ងៃចាប់ផ្តើម World Cup 2018 នៅប្រទេសរុស្ស៊ី ក៏ព្រោះតែលោកយល់ព្រមដឹកនាំក្រុមអធិរាជស Real Madrid៕