(ភ្នំពេញ)៖ នៅសល់រយៈពេល ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ជាមួយក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ដែលនឹងប្រព្រឹត្តទៅ នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្របពេលសំបុត្រចូលទស្សនាការប្រកួតនេះ ត្រូវបានលក់ដាច់យ៉ាងគំហុកត្រឹមរយៈពេល ២ថ្ងៃ។
សំបុត្រទស្សនាវគ្គផ្ដាច់ព្រ័ត្រនេះ ត្រូវបានបើកលក់ផ្លូវការ ទាំងតាមអនឡាញ(App) និងលក់ផ្ទាល់ កាលពីម្សិលមិញ ហើយបន្ដលក់ផ្ទាល់ នៅថ្ងៃទី២ ខែឧសភានេះ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ការបញ្ជាទិញតាម App របស់ក្លិបព្រះខ័នរាជស្វាយរៀង មិនទាន់បានមួយព្រឹកស្រួលបួលផង សំបុត្រចំនួន ២ម៉ឺនសំបុត្រត្រូវបានលក់អស់ ហើយបិទការបញ្ជាទិញតាមអនឡាញ ។ រីឯការលក់ផ្ទាល់នៅទីតាំងអ៊ីឌិនហ្គាឌិន និងសួនច្បារវឌ្ឍនៈ ក៏ត្រូវបានលក់អស់គ្មានសល់ត្រឹមរយៈពេលខ្លីផងដែរ។
ប្រភពព័ត៌មានពីក្រុមយុវជនស្ម័គ្រចិត្ត ដែលចូលរួមការងារលក់សំបុត្រខាងលើ បានបង្ហើបថា សំបុត្រជាច្រើនត្រូវបានលក់អស់ហើយ តែព័ត៌មានផ្លូវការពីចំនួនសំបុត្រលក់អស់ ក៏ដូចជាសំបុត្រនៅសល់ ពួកគេបានសំណូមពរដល់អ្នកគាំទ្ររង់ចាំការជូនដំណឹងលើបណ្ដាញសង្គមរបស់ក្លិបព្រះខ័នរាជស្វាយរៀង ។ បន្ថែមលើនេះ ពួកគេក៏បានលើកដៃសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនអ្នកគាំទ្របាល់ទាត់ជាតិ ដែលខំលះបង់ពេលវេលា និងធនធាន មករង់ចាំទិញសំបុត្រ តែពុំទទួលបានសំបុត្រផងដែរ។
នេះគឺជាកំណត់ត្រាប្រវត្តិសាស្រ្ដថ្មីមួយទៀត សម្រាប់សន្ទុះនៃការគាំទ្រក្លិបបាល់ទាត់នៅកម្ពុជា បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានបើកទំព័រប្រវត្តិសាស្ដ្រថ្មី ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី ដោយត្រូវជួបក្រុមខ្លាំង Arkadag នាចុងសប្ដាហ៍ក្រោយ នៅលើទឹកដីកម្ពុជា ។ ជំនួបវគ្គផ្ដាច់ព្រ័ត្រនេះ ត្រូវបានរំពឹងថា នឹងមានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលរួមទស្សនា ស្របពេលសំបុត្រចូលទស្សនា ត្រូវបានព្យាករណ៍ថា មិនអាចឆ្លើយតបនឹងសន្ទុះនៃអ្នកគាំទ្រចង់ចូលរួមទស្សនាផ្ទាល់ការប្រកួតនេះឡើយ៕