(បរទេស)៖ ក្រុមហ៊ុន Neuralink របស់កំពូលមហាសេដ្ឋីលោក Elon Musk ថ្មីៗនេះត្រូវបានគេរាយការណ៍មកថា បានទទួលស្លាក «របកគំហើញ» ថ្មីរបស់រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិកសម្រាប់ឧបករណ៍របស់ខ្លួន ដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងស្តារទំនាក់ទំនងសម្រាប់បុគ្គលដែលមានបញ្ហាការនិយាយធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។
Neuralink បាននិយាយថា ឧបករណ៍នេះនឹងជួយអ្នកដែលរងផលប៉ះពាល់ដោយជំងឺក្រិនសរសៃឈាមអាមីតូត្រូហ្វីក (ALS or Amyotrophic lateral sclerosis), ជំងឺដាច់សរសៃឈាមខួរក្បាល របួសឆ្អឹងខ្នង បញ្ហាខួរក្បាល ជំងឺក្រិនច្រើនប្រភេទ និងលក្ខខណ្ឌសរសៃប្រសាទផ្សេងទៀត ឱ្យវិលមកនិយាយវិញបាន។
គួរជម្រាបថា កម្មវិធីឧបករណ៍ឈានមុខគេរបស់ FDA ត្រូវបានបង្កើតឡើងដើម្បីពន្លឿនការអភិវឌ្ឍន៍ និងការត្រួតពិនិត្យបទប្បញ្ញត្តិនៃឧបករណ៍វេជ្ជសាស្ត្រដែលផ្តល់នូវការព្យាបាលកាន់តែមានប្រសិទ្ធភាព ឬការធ្វើរោគវិនិច្ឆ័យនៃលក្ខខណ្ឌដែលគំរាមកំហែងដល់អាយុជីវិត ឬមិនអាចត្រឡប់វិញបាន។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតអំពីរបាយការណ៍នេះ FDA និង Neuralink នៅមិនទាន់មានការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពី Reuters នៅឡើយនោះទេ៕