(បរទេស)៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Tesla លោកស្រី Robyn Denholm បានច្រានចោលយ៉ាងម៉ឺងម៉ាត់នូវរបាយការណ៍ដែលបានចេញផ្សាយដោយសារព័ត៌មាន Wall Street Journal ដែលបានអះអាងថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានស្វែងរកបុគ្គលិកថ្មីដើម្បីធ្វើជានាយកប្រតិបត្តិជំនួសលោក Elon Musk ។ លោកស្រីបានអះអាងថា ការចោទប្រកាន់នេះគឺ «មិនពិត» ហើយបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលនៅតែមាន «ទំនុកចិត្តខ្ពស់» នៅក្នុងសមត្ថភាពរបស់ Musk ក្នុងការអនុវត្តផែនការកំណើនអាជីវកម្មរបស់ក្រុមហ៊ុន Tesla ។
របាយការណ៍របស់ Wall Street Journal (WSJ ) បានអះអាងថា សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla បានទាក់ទងទៅថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនផ្សេងៗជាច្រើនកាលពី «ប្រហែលមួយខែមុន» ដើម្បីចាប់ផ្តើមដំណើរការផ្លូវការសម្រាប់ការស្វែងរកអ្នកស្នងតំណែងរបស់ Musk ជានាយកប្រតិបត្តិ។ របាយការណ៍បានចោទប្រកាន់ថា សមាជិកក្រុមប្រឹក្សាភិបាលក៏បានជួបជាមួយ Musk ហើយបានប្រាប់គាត់ថា គាត់ត្រូវចំណាយពេលបន្ថែមទៀតនៅ Tesla ហើយ «ចាំបាច់ត្រូវនិយាយជាសាធារណៈ»។
ដំណឹងដ៏រស៊ើបនេះបានកើតឡើងស្របគ្នានឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Tesla រួមទាំងការធ្លាក់ចុះរហូតដល់ ៧១% នៃប្រាក់ចំណូលសុទ្ធ និងការធ្លាក់ចុះ ២០% នៃប្រាក់ចំណូលរថយន្តនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ WSJ បានផ្តល់យោបល់ថា ការព្រួយបារម្ភរបស់ក្រុមប្រឹក្សាភិបាល ដោយសារតែ Musk បានបង្កើនការយកចិត្តទុកដាក់ការងារជាមួយលោកប្រធានាធិបតី Trump ច្រើន។
លោកស្រី Denholm បានចេញការបដិសេធតាមរយៈគណនី X ផ្លូវការរបស់ក្រុមហ៊ុន Tesla ដោយបញ្ជាក់ថា៖ «កាលពីថ្មីៗនេះ មានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយ បានអះអាងខុសថា ក្រុមប្រឹក្សា Tesla បានទាក់ទងក្រុមហ៊ុនជ្រើសរើសបុគ្គលិកដើម្បីផ្តួចផ្តើមការស្វែងរកនាយកប្រតិបត្តិនៅក្រុមហ៊ុន។ នេះគឺជាការមិនពិត ។
សេចក្ដីប្រកាសរបស់លោកស្រីបានសង្កត់ធ្ងន់ថា «នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla គឺ Elon Musk ហើយក្រុមប្រឹក្សាភិបាលមានទំនុកចិត្តខ្ពស់ចំពោះសមត្ថភាពរបស់គាត់ក្នុងការបន្តអនុវត្តផែនការកំណើនដ៏គួរឱ្យរំភើបនាពេលខាងមុខ»៕