(មេនឆេស្ទើ)៖ ខ្សែបម្រើចាស់វស្សា Kevin De Bruyne រកបាន ១គ្រាប់ជ័យជម្នះរួមចំណែកក្រុមការពារតំណែងជើងឯក Premier League មេឃខៀវ Manchester City ឡើងឈរលេខ៣ ក្នុងតារាងពិន្ទុបណ្តោះអាសន្នវិញ មុនពេលវេលាចាកចេញកាន់តែខិតជិតមកដល់។
១គ្រាប់ជ័យជម្នះក្នុងកីឡដ្ឋាន Etihad នាយប់មិញនេះដែរ បានញាំងឱ្យក្រុមរបស់លោក Pep Guardiola វិលទៅកាន់តំណែងលេខ៣ ក្នុងតារាងពិន្ទុ ជាមួយនឹង ៦៤ពិន្ទុ ក្រោយឆ្លងកាត់សប្តាហ៍ទី៣៥ បានធ្វើឱ្យអតីតជើងឯកលីគអង់គ្លេស ៤សម័យកាលចុងក្រោយជាប់ៗគ្នា ទទួលបានកៅអីស្វ័យប្រវតិ្តផងដែរ ដើម្បីលេងពានអឺរ៉ុបសម្រាប់រដូវកាលក្រោយ។
គួររំលឹកផងថា ខ្សែបម្រើអន្តរជាតិប៊ែលហ្សិក វ័យ ៣៣ឆ្នាំ De Bruyne បាននិយាយកាលពីខែមុនថា រូបលោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយពុំមានការផ្តល់ជូនចំពោះកិច្ចសន្យាថ្មីនៅ Etihad និងចង់សាងអានុស្សាវរីយ៍ខ្លះដែរតាមដែលអាចធ្វើទៅបាន មុនពេលចាកចេញ។
រូបគេបានថ្លែងប្រាប់ Sky Sports ក្រោយចប់ការប្រកួតដែលរួមចំណែក City យកឈ្នះ Wolves ១ទល់នឹង០ ថា «ខ្ញុំមិនទាន់ដឹងច្បាស់ពីអនាគតនោះទេ។ អ្វីដែលសំខាន់ ខ្ញុំគ្រាន់តែចង់បង្ហាញថា ខ្ញុំនៅតែអាចលេងនៅទីនេះបាន ក្នុងចំណោម ៤-៥សប្តាហ៍ទៀតតែប៉ុណ្ណោះ»។
ជាការកត់សម្គាល់ផងដែរ Kevin De Bruyne បានក្លាយជាកីឡាករដំបូងគេ គិតចាប់តាំងពី Lionel Messi ដែលរកបាន ២៥០គ្រាប់ (រួមទាំងបញ្ជូន) ដោយស្ថិតក្រោមការបង្វឹកដោយលោក Pep Guardiola៕